លោកុប្បត្តិ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50


ជំពូក 42

រីឯ​យ៉ាកុប គាត់​ឃើញ​ថា ស្រុក​អេស៊ីព្ទ​មាន​ស្រូវ នោះ​គាត់​និយាយ​ទៅ​ពួក​កូន​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ
2 គាត់​ប្រាប់​ថា នែ អញ​បាន​ឮ​ថា​ស្រុក​អេស៊ីព្ទ​មាន​ស្រូវ ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ចុះ​ទៅ​ឯ​ណោះ ដើម្បី​ទិញ​ពី​នោះ​មក​សម្រាប់​យើង​ចុះ ឲ្យ​យើង​បាន​រស់​នៅ​កុំ​ឲ្យ​ស្លាប់
3 នោះ​បង​យ៉ូសែប​ទាំង​១០​នាក់ ក៏​ចុះ​ទៅ​ទិញ​ស្រូវ​ឯ​ស្រុក​អេស៊ីព្ទ
4 តែ​យ៉ាកុប​មិន​ឲ្យ​បេន‌យ៉ាមីន ជា​ប្អូន​យ៉ូសែប ទៅ​ជា​មួយ​នឹង​ពួក​បងៗ​ទេ ដោយ​នឹក​ខ្លាច​ថា ក្រែង​កើត​មាន​គ្រោះ​ថ្នាក់​ដល់​វា
5 ដូច្នេះ ពួក​កូន​អ៊ីស្រា‌អែល​ក៏​ចូល​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ទៅ​ទិញ​ស្រូវ ដ្បិត​នៅ​ស្រុក​កាណាន​ក៏​មាន​អំណត់​អត់​ដែរ
6 ឯ​យ៉ូសែប គាត់​ជា​ចៅ‌ហ្វាយ​លើ​ស្រុក​នោះ គឺ​គាត់​ហើយ ដែល​ជា​អ្នក​លក់​ស្រូវ​ឲ្យ​ដល់​បណ្តា​មនុស្ស​នៅ​ផែនដី ពួក​បង​គាត់​ក៏​ចូល​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ចំពោះ​គាត់
7 កាល​យ៉ូសែប​ឃើញ​ពួក​បង នោះ​ក៏​ស្គាល់​គេ តែ​គាត់​ធ្វើ​ដូច​ជា​អ្នក​ដទៃ​នឹង​គេ​វិញ ហើយ​និយាយ​ដោយ​តឹង‌រ៉ឹង​ថា មក​ពី​ណា គេ​ឆ្លើយ​ថា យើង​ខ្ញុំ​មក​ពី​ស្រុក​កាណាន​ដើម្បី​នឹង​ទិញ​ស្បៀង​អាហារ
8 យ៉ូសែប​ស្គាល់​ពួក​បង​ជាក់ តែ​គេ​មិន​ស្គាល់​គាត់​ទេ
9 គាត់​ក៏​នឹក​ឃើញ​ពី​សប្តិ​ដែល​បាន​យល់​សប្តិ​ពី​ដំណើរ​គេ រួច​និយាយ​ទៅ​គេ​ថា ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​ទេ ឯង​បាន​មក​ដើម្បី​នឹង​មើល​ស្រុក​នេះ ដែល​នៅ​ទទេ​ជា​យ៉ាង​ណា​ហើយ
10 តែ​គេ​ឆ្លើយ​ថា ទេ លោក​ម្ចាស់​ខ្ញុំ​អើយ យើង​ខ្ញុំ​ប្របាទ​បាន​គ្រាន់​តែ​មក​ទិញ​ស្បៀង​អាហារ​ប៉ុណ្ណោះ​ទេ
11 យើង​ខ្ញុំ​រាល់​គ្នា​មាន​ឪពុក​តែ​១ យើង​ខ្ញុំ​ប្របាទ​ជា​មនុស្ស​ទៀង​ត្រង់​ពិត មិន​មែន​ជា​ពួក​លប​សង្កេត​ទេ
12 តែ​គាត់​តប​ទៅ​គេ​ថា ទេ ពិត​ជា​ឯង​រាល់​គ្នា​បាន​មក ដើម្បី​មើល​ស្រុក​ដែល​នៅ​ទទេ​ជា​យ៉ាង​ណា​ហើយ
13 នោះ​គេ​ឆ្លើយ​ថា យើង​ខ្ញុំ​ប្របាទ​មាន​បង​ប្អូន​១២​នាក់ ជា​កូន​មាន​ឪពុក​តែ​១​នៅ​ស្រុក​កាណាន មើល សព្វ​ថ្ងៃ​នេះ កូន​ពៅ​បាន​នៅ​ជា​មួយ​នឹង​ឪពុក​របស់​យើង​ខ្ញុំ ហើយ​កូន​១​ទៀត​មិន​នៅ​ទេ
14 យ៉ូសែប​ឆ្លើយ​តប​ថា គឺ​ដូច​ជា​អញ​បាន​ប្រាប់​ឯង​រាល់​គ្នា​ហើយ ថា​ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​ទេ
15 អញ​នឹង​ល្បង​សាក​ឯង​រាល់​គ្នា​មើល​ដូច្នេះ គឺ​អញ​ស្បថ​នឹង​ព្រះ‌ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​នឹង​មិន​បាន​ចេញ​ពី​ទី​នេះ​ឡើយ លើក​តែ​ប្អូន​ពៅ​ឯង​បាន​មក​ឯ​ណេះ​សិន
16 ចូរ​ឯង​ចាត់​គ្នា​ឯង​ម្នាក់​ឲ្យ​ទៅ​នាំ​ប្អូន​ពៅ​មក តែ​ត្រូវ​ចង​ឯង​រាល់​គ្នា​ទុក​នៅ​ទី​នេះ ដើម្បី​នឹង​ល្បង​សាក​មើល​ចំពោះ​ពាក្យ​សំដី​ឯង​ឲ្យ​ដឹង​ជា​និយាយ​ពិត​ឬ​ទេ បើ​មិន​ពិត​ទេ នោះ​អញ​ស្បថ​នឹង​ព្រះ‌ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​មែន
17 រួច​គាត់​ឃុំ​គេ​ទុក​នៅ​អស់​៣​ថ្ងៃ។
18 លុះ​ដល់​៣​ថ្ងៃ​ក្រោយ​មក នោះ​យ៉ូសែប​គាត់​និយាយ​ទៅ​គេ​ថា ចូរ​ធ្វើ​ដូច្នេះ​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ដ្បិត​អញ​ជា​អ្នក​គោរព​កោត‌ខ្លាច​ដល់​ព្រះ
19 បើ​ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន នោះ​ចូរ​ឲ្យ​បង​ប្អូន​ឯង​ម្នាក់​នៅ​ជាប់​ចំណង​ក្នុង​គុក​នេះ​សិន តែ​ឯង​រាល់​គ្នា​ឯ​ទៀត​ត្រូវ​នាំ​យក​ស្រូវ​ទៅ​ឲ្យ​ពួក​ផ្ទះ​ឯង​ដែល​អត់​ចុះ
20 រួច​ឲ្យ​នាំ​ប្អូន​ពៅ​ឯង​មក​ឯ​អញ​កុំ​ខាន យ៉ាង​នោះ​នឹង​បាន​ដឹង​ថា ឯង​រាល់​គ្នា​និយាយ​ពិត​ត្រង់​មែន ហើយ​ឯង​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ផង គេ​ក៏​ធ្វើ​ដូច្នោះ
21 រួច​គេ​និយាយ​គ្នា​គេ​ថា ប្រាកដ​ជា​យើង​មាន​ទោស​ដោយ​ព្រោះ​ប្អូន​យើង​ហើយ ពី​ព្រោះ​យើង​បាន​ឃើញ​សេចក្ដី​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​វា ក្នុង​កាល​ដែល​វា​អង្វរ​ដល់​យើង​នោះ តែ​យើង​មិន​បាន​ស្តាប់​តាម​វា​សោះ គឺ​ដោយ​ហេតុ​នោះ​ឯង បាន​ជា​សេចក្ដី​ទុក្ខ​ព្រួយ​នេះ​បាន​ធ្លាក់​មក​លើ​យើង​រាល់​គ្នា​វិញ
22 នោះ​រូបេន​ឆ្លើយ​ឡើង​ថា តើ​អញ​មិន​បាន​ហាម​ឯង​រាល់​គ្នា​ទេ​ឬ​អី​ថា កុំ​ឲ្យ​ធ្វើ​បាប​វា​ឡើយ តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ​សោះ មើល‌ន៏ ឥឡូវ​ឈាម​វា​បាន​ទារ​វិញ​ហើយ
23 គេ​មិន​ដឹង​ថា​យ៉ូសែប​ស្តាប់​បាន​ទេ ពី​ព្រោះ​មាន​អ្នក​បក​ភាសា​ឲ្យ
24 គាត់​ក៏​ងាក​បែរ​ចេញ​ពី​គេ​ទៅ​យំ រួច​ត្រឡប់​មក​និយាយ​នឹង​គេ​វិញ ទើប​យក​ស៊ីម្មាន​ពី​ពួក​គេ​មក​ចង​នៅ​មុខ​គេ។
25 យ៉ូសែប​គាត់​បង្គាប់​ឲ្យ​ច្រក​ស្រូវ​ឲ្យ​ពេញ​បាវ​គេ ហើយ​ដាក់​ប្រាក់​គេ​ចុះ​ទៅ​ក្នុង​បាវ​រៀង​ខ្លួន​វិញ ព្រម​ទាំង​ឲ្យ​ស្បៀង​អាហារ​សម្រាប់​បរិភោគ​តាម​ផ្លូវ​ផង នោះ​ក៏​បាន​ធ្វើ​ឲ្យ​គេ​ដូច្នោះ
26 គេ​ផ្ទុក​ស្រូវ​លើ​លា​ចេញ​ពី​នោះ​ទៅ
27 លុះ​កាល​អ្នក​ម្នាក់​បាន​ស្រាយ​បាវ និង​យក​ស្រូវ​ឲ្យ​លា​ស៊ី នៅ​ត្រង់​ផ្ទះ​សំណាក់ នោះ​ស្រាប់​តែ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​មាត់​បាវ
28 គាត់​ក៏​ប្រាប់​ដល់​បង​ប្អូន​ថា ប្រាក់​ខ្ញុំ​គេ​បាន​ប្រគល់​មក​វិញ​ហើយ មើល មាន​នៅ​ក្នុង​បាវ​ខ្ញុំ​ឯ​ណេះ គេ​មាន​សេចក្ដី​តក់‌ស្លុត​គ្រប់​គ្នា ក៏​ងាក​បែរ​មើល​គ្នា​ទាំង​ភ័យ​ញ័រ ហើយ​និយាយ​ថា តើ​ព្រះ​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ។
29 លុះ​គេ​ទៅ​ដល់​យ៉ាកុប​ជា​ឪពុក​នៅ​ស្រុក​កាណាន​ហើយ នោះ​ក៏​រៀប‌រាប់​ជម្រាប​គាត់​ពី​គ្រប់​ទាំង​ការ​ដែល​បាន​កើត​ឡើង​ដល់​គេ​ថា
30 អ្នក​ដែល​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​នោះ លោក​បាន​និយាយ​មក​យើង​ដោយ​តឹង‌រ៉ឹង​ណាស់ ហើយ​បាន​ទុក​យើង​ជា​ពួក​លប​សង្កេត​ស្រុក
31 យើង​ខ្ញុំ​បាន​ជម្រាប​លោក​ថា យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​ពួក​លប​សង្កេត​ស្រុក​ទេ
32 ហើយ​ថា យើង​ខ្ញុំ​មាន​បង​ប្អូន​១២​នាក់​ជា​កូន​នៃ​ឪពុក​តែ​១ កូន​១​មិន​នៅ​ទៀត​ទេ ហើយ​កូន​ពៅ​វា​នៅ​ជា​មួយ​នឹង​ឪពុក​របស់​យើង​ខ្ញុំ នៅ​ស្រុក​កាណាន​សព្វ​ថ្ងៃ​នេះ
33 តែ​អ្នក​ដែល​ជា​ចៅ‌ហ្វាយ​នៃ​ស្រុក​នោះ លោក​និយាយ​មក​យើង​ខ្ញុំ​ថា គឺ​យ៉ាង​នេះ​ដែល​អញ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ឲ្យ​ទុក​បង​ប្អូន​ឯង​ម្នាក់​នៅ​នឹង​អញ​សិន រួច​នាំ​យក​ស្រូវ​សម្រាប់​ពួក​គ្រួ​ឯង​រាល់​គ្នា​ដែល​អត់​នោះ​ចេញ​ទៅ​ចុះ
34 ហើយ​នាំ​ប្អូន​ឯង​មក​ឯ​អញ នោះ​អញ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​ពួក​លប​សង្កេត​ស្រុក​ឡើយ គឺ​ជា​មនុស្ស​ទៀង​ត្រង់​ពិត រួច​សឹម​អញ​នឹង​លែង​ឲ្យ​បង​ប្អូន​ឯង​ម្នាក់​នេះ​ដល់​ឯង​វិញ ព្រម​ទាំង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ចូល​បាន​ក្នុង​ស្រុក​នេះ​ផង។
35 កាល​គេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ​ទៅ នោះ​ក៏​ឃើញ​កញ្ចប់​ប្រាក់​របស់​គេ​រៀង​ខ្លួន​នៅ​ក្នុង​បាវ រួច​គេ និង​ឪពុក​គេ​មាន​សេចក្ដី​ភ័យ​ញ័រ ដោយ​ឃើញ​កញ្ចប់​ប្រាក់​ទាំង​នោះ
36 យ៉ាកុប​ជា​ឪពុក​និយាយ​ថា ឯង​រាល់​គ្នា​បាន​បំបាត់​កូន​អញ​ទៅ គឺ​យ៉ូសែប​មិន​នៅ​ទៀត ហើយ​ស៊ីម្មាន​ក៏​មិន​នៅ​ដែរ ឥឡូវ​ឯង​ចង់​យក​បេន‌យ៉ាមីន​ទៅ​ទៀត​ឬ សេចក្ដី​ទាំង​នេះ​ជា​ទំនាស់​នឹង​អញ​ហើយ
37 រូបេន​ឆ្លើយ​ទៅ​ឪពុក​ថា បើ​ខ្ញុំ​មិន​នាំ​វា​មក​វិញ នោះ​សូម​សម្លាប់​កូន​ប្រុស​ខ្ញុំ​ទាំង​២​ចុះ សូម​ឲ្យ​វា​មក​ខ្ញុំៗ​នឹង​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​ជា​មិន​ខាន
38 តែ​យ៉ាកុប​ប្រកែក​ថា កូន​អញ​មិន​ត្រូវ​ចុះ​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ដ្បិត​បង​វា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​វា​១​ប៉ុណ្ណោះ បើ​កាល​ណា​វា​កើត​មាន​គ្រោះ​ថ្នាក់​អ្វី​តាម​ផ្លូវ​ដែល​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​អញ ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ទុក្ខ​ព្រួយ​ហើយ។