សាំយូអែល ទី ២
ជំពូក 5
គ្រានោះ ពូជអំបូរនៃអ៊ីស្រាអែលទាំងប៉ុន្មាន ក៏មកឯដាវីឌ នៅក្រុងហេប្រុន ទូលថា ទូលបង្គំគ្រប់គ្នាជាសាច់លោហិតជាមួយនឹងទ្រង់ដែរ
2 កាលពីដើមដែលសូលធ្វើជាស្តេចលើទូលបង្គំគ្រប់គ្នា នោះគឺទ្រង់ហើយដែលជាអ្នកនាំមុខពួកអ៊ីស្រាអែលចេញចូល ១ទៀត ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងទ្រង់ថា ត្រូវឲ្យឯងធ្វើជាអ្នកគង្វាលឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ គឺជាមេគ្រប់គ្រងលើពួកសាសន៍អ៊ីស្រាអែលផង
3 គឺយ៉ាងនោះហើយ ដែលពួកចាស់ទុំទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល បានមកឯស្តេចនៅក្រុងហេប្រុន រួចស្តេចដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ាត្រង់ហេប្រុន ហើយគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលដែរ
4 កាលដាវីឌបានទទួលគ្រងរាជ្យ នោះទ្រង់មានព្រះជន្ម៣០ឆ្នាំ ទ្រង់ក៏សោយរាជ្យបាន៤០ឆ្នាំ
5 គឺទ្រង់បានសោយរាជ្យលើពួកយូដា នៅហេប្រុនអស់៧ឆ្នាំ៦ខែ ឯនៅក្រុងយេរូសាឡឹម ទ្រង់ក៏សោយរាជ្យលើពួកអ៊ីស្រាអែល និងពួកយូដាផង បាន៣៣ឆ្នាំ។
6 នៅគ្រានោះ ស្តេច ហើយនិងពួកទ័ពទ្រង់ ក៏ទៅឯក្រុងយេរូសាឡឹម ច្បាំងនឹងសាសន៍យេប៊ូសដែលនៅស្រុកនោះ គេបានមើលងាយដល់ដាវីឌថា ឯងចូលមកក្នុងទីនេះមិនបានឡើយ សូម្បីតែពួកកង្វាក់ និងពួកកង្វិន ក៏អាចនឹងវាយកំចាត់ឯងបានដែរ ដោយស្មានថា ដាវីឌពុំអាចនឹងចូលបានទេ
7 ប៉ុន្តែ ដាវីឌទ្រង់ចាប់យកបានទីមាំមួនឈ្មោះស៊ីយ៉ូន (នេះហើយដែលហៅថា ទីក្រុងរបស់ដាវីឌ)
8 នៅថ្ងៃនោះ ដាវីឌបានមានព្រះបន្ទូលថា បើអ្នកណានឹងវាយពួកយេប៊ូសបាន នោះត្រូវតែឡើងតាមផ្លូវបង្ហូរទឹកទៅ ហើយវាយទាំងពួកកង្វាក់ និងពួកកង្វិននុ៎ះឯង ដែលចិត្តយើងខ្ពើមទាំងម៉្លេះ ដោយព្រោះពួកកង្វាក់ ហើយពួកកង្វិនបាននិយាយថា វាចូលមកមិនបានទេ
9 រួចទ្រង់ក៏គង់នៅក្នុងទីមាំមួននោះ ហើយបានហៅថាជាទីក្រុងដាវីឌ ទ្រង់សង់ឡើងនៅព័ទ្ធជុំវិញ ចាប់តាំងពីមីឡូរ ចូលមកខាងក្នុង
10 ដាវីឌទ្រង់ក៏ចម្រើនកាន់តែខ្លាំងឡើង ដោយព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារទ្រង់គង់ជាមួយ។
11 រីឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស ទ្រង់ចាត់សារឲ្យទៅឯដាវីឌ ព្រមទាំងជាងឈើ ជាងថ្ម ហើយនិងឈើតាត្រៅផង ពួកនោះក៏សង់ដំណាក់ថ្វាយដាវីឌ
12 នោះដាវីឌក៏យល់ឃើញថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ព្រមទាំងលើកតម្កើងរាជ្យទ្រង់ ដោយយល់ដល់សាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ព្រះអង្គ។
13 គ្រាដែលបានមកពីហេប្រុនហើយ នោះដាវីឌយកស្រីអ្នកម្នាង និងភរិយា ពីពួកក្រុងយេរូសាឡឹមថែមទៀត ហើយទ្រង់បង្កើតបានបុត្រាបុត្រីច្រើនឡើង
14 ឯបុត្រាទាំងប៉ុន្មានដែលទ្រង់បានបង្កើតនៅក្រុងយេរូសាឡឹម មាននាមដូច្នេះ គឺសាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន
15 យីបហារ អេលីសួរ នេផេក យ៉ាភា
16 អេលីសាម៉ា អេលាដា ហើយនិងអេលីផាលេត។
17 កាលសាសន៍ភីលីស្ទីនឮថា គេបានចាក់ប្រេងតាំងដាវីឌឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលហើយ នោះគេលើកគ្នាទាំងអស់ឡើងមករកដាវីឌ តែដាវីឌបានជ្រាប រួចទ្រង់យាងចុះទៅឯទីពំនួន
18 ឯពួកភីលីស្ទីនគេក៏មកដល់ ហើយរាយគ្នាពេញក្នុងវាលច្រកភ្នំរេផែម
19 នោះដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំឡើងទៅច្បាំងនឹងពួកភីលីស្ទីនឬទេ តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃរបស់ទូលបង្គំឬអី ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា ចូរឡើងទៅចុះ ដ្បិតអញនឹងប្រគល់ពួកភីលីស្ទីនមកក្នុងដៃឯងជាពិតប្រាកដ
20 នោះដាវីឌទ្រង់យាងទៅដល់បាល-ពេរ៉ាស៊ីម ហើយក៏ប្រហារពួកគេនៅទីនោះ រួចទ្រង់មានព្រះបន្ទូលថា ព្រះយេហូវ៉ាទ្រង់បានទម្លាយមកលើពួកខ្មាំងសត្រូវរបស់យើង នៅចំពោះមុខដូចជាទឹកធ្លាយទំនប់ ហេតុនោះបានជាគេហៅទីនោះឈ្មោះថា បាល-ពេរ៉ាស៊ីម
21 គេក៏លះចោលអស់ទាំងរូបព្រះគេនៅទីនោះ ហើយដាវីឌ និងពួកទ័ពទ្រង់នាំយកទាំងអស់ទៅ។
22 ក្រោយនោះ ពួកភីលីស្ទីនក៏ឡើងមករាយទ័ពរបស់គេពេញក្នុងវាលច្រកភ្នំរេផែមម្តងទៀត
23 តែកាលដាវីឌបានទូលសួរដល់ព្រះយេហូវ៉ា នោះទ្រង់មានព្រះបន្ទូលហាមថា កុំឲ្យឡើងទៅឡើយ ត្រូវឲ្យវាងទៅពីខាងក្រោយ ហើយចូលទៅឯគេពីខាងចម្ការមនវិញ
24 កាលណាឯងឮសូរសន្ធឹកនៅលើចុងដើមមន ដូចជាពួកពលដើរ នោះចូរឲ្យឯងប្រញាប់ប្រញាល់ឡើង ដ្បិតគឺវេលានោះឯងហើយដែលព្រះយេហូវ៉ានឹងចេញទៅចំពោះមុខឯង ដើម្បីប្រហារពួកទ័ពភីលីស្ទីន
25 ដាវីឌទ្រង់ក៏ធ្វើយ៉ាងនោះ ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក ហើយស្តេចទ្រង់ប្រហារពួកភីលីស្ទីន ចាប់តាំងពីក្រុងកេបា រហូតទៅដល់ក្រុងកេស៊ើរ។