យ៉ូណាស

1 2 3 4


ជំពូក 2

ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​បម្រុង​ឲ្យ​មាន​ត្រី​១​យ៉ាង​ធំ​សម្រាប់​នឹង​លេប​យ៉ូណាស​ទៅ ហើយ​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​នោះ គ្រប់​៣​ថ្ងៃ​៣​យប់
2 ក្នុង​រវាង​នោះ យ៉ូណាស​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ពី​ក្នុង​ពោះ​ត្រី
3 លោក​ទូល​ថា ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូល‌បង្គំ ទ្រង់​ក៏​បាន​ឆ្លើយ​មក​ទូល‌បង្គំ​ហើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ នៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទ្រង់​បាន​ឮ​សំឡេង​របស់​ទូល‌បង្គំ
4 ដ្បិត​ទ្រង់​បាន​បោះ​ទូល‌បង្គំ​ទៅ​ក្នុង​ទី​ជម្រៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំវិញ​ទូល‌បង្គំ ហើយ​រលក​ទាំង​ប៉ុន្មាន និង​អស់​ទាំង​ខ្សែ​ទឹក​របស់​ទ្រង់​បាន​ហូរ​ពី​លើ​ទូល‌បង្គំ
5 នោះ​ទូល‌បង្គំ​បាន​ពោល​ថា ទូល‌បង្គំ​ត្រូវ​បោះ​ចោល​ចេញ​ពី​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ហើយ ប៉ុន្តែ ទូល‌បង្គំ​នឹង​មើល​ទៅ​ឯ​ព្រះ‌វិហារ​បរិសុទ្ធ​នៃ​ទ្រង់​ទៀត
6 ទឹក​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ សឹង​តែ​នឹង​ផុត​ជីវិត​ផង ទី​ជម្រៅ​បាន​ហ៊ុម​ទូល‌បង្គំ​ជិត ហើយ​សារ៉ាយ​បាន​រុំ​ព័ទ្ធ​ក្បាល​ទូល‌បង្គំ
7 ទូល‌បង្គំ​បាន​ចុះ​ទៅ​ដល់​ឫស​នៃ​ភ្នំ​ទាំង​ប៉ុន្មាន រនុក​នៃ​ផែនដី​បាន​បិទ​ខ្ទប់​ពី​លើ​ទូល‌បង្គំ ទុក​ជា​ដរាប​ត​ទៅ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទ្រង់​បាន​នាំ​ទូល‌បង្គំ​ឡើង​ចេញ​ពី​រណ្តៅ​មក​ទាំង​រស់
8 កាល​ព្រលឹង​នៅ​ក្នុង​ខ្លួន ទូល‌បង្គំ​បាន​សន្លប់​ទៅ នោះ​ទូល‌បង្គំ​បាន​នឹក​ដល់​ព្រះ‌យេហូវ៉ា ហើយ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ នៅ​ចំពោះ​ទ្រង់
9 ពួក​អ្នក​ដែល​មើល​ទៅ​ឯ​របស់​ឥត​ប្រយោជន៍ ដែល​មិន​ទៀង‌ទាត់ គេ​រមែង​លះ‌បង់​ចោល​សេចក្ដី​អាណិត‌អាសូរ​របស់​ខ្លួន​ចេញ
10 តែ​ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ទ្រង់ ដោយ​សំឡេង​នៃ​ពាក្យ​អរ​ដល់​ព្រះ‌គុណ ហើយ​ទូល‌បង្គំ​នឹង​លា​បំណន់​របស់​ទូល‌បង្គំ​ផង ឯ​សេចក្ដី​សង្គ្រោះ នោះ​កើត​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ។
11 លំដាប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ត្រី​នោះ វា​ក៏​ក្អែ​យ៉ូណាស​ចេញ​នៅ​លើ​ដី​គោក។