កិច្ចកា
ជំពូក 10
រីឯនៅក្រុងសេសារា មានមនុស្សម្នាក់ឈ្មោះកូនេលាស ជាមេលើកងទ័ព ដែលហៅថា កងទ័ពអ៊ីតាលី
2 ជាអ្នកគោរព ហើយកោតខ្លាចដល់ព្រះ ព្រមទាំងពួកគ្រួសាររបស់លោកទាំងអស់ផង លោកក៏ដាក់ទានជាច្រើនដល់ពួកជន ហើយអំពាវនាវដល់ព្រះជានិច្ច
3 លោកបានឃើញការជាក់ស្តែងយ៉ាងច្បាស់ ប្រហែលជាម៉ោង៣រសៀល គឺបានឃើញទេវតានៃព្រះមកឯលោក ពោលថា កូនេលាសអើយ
4 លោកក៏សម្លឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា ព្រះអម្ចាស់អើយ តើមានការអ្វី ទេវតាប្រាប់ថា សេចក្ដីអធិស្ឋាន និងការដាក់ទានរបស់អ្នក បានឡើងទៅទុកជាសេចក្ដីរំឭក នៅចំពោះព្រះហើយ
5 ដូច្នេះ ចូរអ្នកប្រើគេឲ្យទៅយ៉ុបប៉េ ហៅស៊ីម៉ូន ដែលមានឈ្មោះថា ពេត្រុស ឲ្យមកឥឡូវ
6 គាត់ស្នាក់នៅផ្ទះរបស់ជាងសម្លាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន នៅក្បែរមាត់សមុទ្រ អ្នកនោះនឹងប្រាប់ឲ្យអ្នកដឹង ពីការដែលអ្នកត្រូវធ្វើជាយ៉ាងណា
7 កាលទេវតា ដែលនិយាយមកលោកបានចេញទៅបាត់ហើយ នោះលោកហៅអ្នកបម្រើ២នាក់ និងទាហានម្នាក់ ដែលកោតខ្លាចដល់ព្រះ ពីពួកមនុស្សដែលតែងតែបម្រើលោកឲ្យមក
8 រួចប្រាប់រឿងរ៉ាវសព្វគ្រប់ ហើយប្រើឲ្យទៅឯយ៉ុបប៉េ។
9 ដល់ស្អែកឡើងកំពុងដែលពួកអ្នកទាំងនោះដើរទៅជិតដល់ទីក្រុងហើយ នោះពេត្រុសក៏ឡើងទៅលើដំបូលផ្ទះ ដើម្បីនឹងអធិស្ឋាន ក្នុងពេលប្រហែលជាថ្ងៃត្រង់ហើយ
10 គាត់នឹកឃ្លានជាខ្លាំង ចង់បរិភោគ តែកំពុងដែលគេចាត់ចែងឲ្យ នោះគាត់លង់ស្មារតីទៅ
11 គាត់ឃើញមេឃចំហ ហើយមានប្រដាប់ ដូចជាសំពត់កម្រាលយ៉ាងធំ បានចុះមក ចងទាំង៤ជ្រុង សម្រូតមកដល់ដី
12 នៅក្នុងសំពត់នោះ មានសត្វជើង៤ សត្វព្រៃ សត្វលូនវារគ្រប់មុខ ដែលនៅលើដី និងសត្វហើរលើអាកាសដែរ
13 ក៏ឮសំឡេងមានព្រះបន្ទូលមកថា ពេត្រុសអើយ ចូរក្រោកឡើងសម្លាប់ ហើយបរិភោគទៅ
14 តែពេត្រុសប្រកែកថា ទេ ព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វី ដែលមិនស្អាតមិនបរិសុទ្ធនោះសោះ
15 រួចឮសំឡេងនោះមកម្តងទៀតថា របស់អ្វីដែលព្រះបានសម្អាតហើយ នោះកុំឲ្យអ្នករាប់ថាជាមិនស្អាតឡើយ
16 ការនោះមានមកគ្រប់៣ដង រួចបានលើកប្រដាប់នោះ ឡើងទៅលើមេឃវិញ។
17 កំពុងដែលពេត្រុសនៅងោងក្នុងខ្លួន ពីន័យការជាក់ស្តែង ដែលបានឃើញនោះនៅឡើយ នោះមនុស្ស៣នាក់ ដែលកូនេលាសចាត់ឲ្យមក បានសួររកផ្ទះស៊ីម៉ូន ក៏ឈរនៅមាត់ទ្វារហើយ
18 គេកំពុងតែហៅសួរ បើមានឈ្មោះស៊ីម៉ូន ដែលហៅថា ពេត្រុស នៅផ្ទះនោះឬទេ
19 ដូច្នេះ កំពុងដែលពេត្រុសគិតរំពឹងពីការជាក់ស្តែង នោះព្រះវិញ្ញាណមានព្រះបន្ទូលមកគាត់ថា មើល មានមនុស្ស៣នាក់មករកអ្នក
20 ចូរក្រោកឡើងចុះទៅ ហើយទៅជាមួយនឹងគេចុះ កុំប្រកាន់ឡើយ ពីព្រោះគឺខ្ញុំហើយ ដែលចាត់ឲ្យគេមក
21 ដូច្នេះ ពេត្រុសក៏ចុះទៅទទួលគេ ដោយពាក្យថា គឺខ្ញុំនេះហើយ ដែលអ្នករាល់គ្នារក តើមានការអ្វី
22 គេឆ្លើយឡើងថា លោកមេទ័ពកូនេលាស ដែលជាមនុស្សសុចរិត ហើយកោតខ្លាចដល់ព្រះ មានសាសន៍យូដាទាំងអស់ធ្វើបន្ទាល់ល្អឲ្យ លោកបានទទួលបង្គាប់នៃព្រះ ដោយសារទេវតាបរិសុទ្ធ ឲ្យចាត់មកអញ្ជើញលោកគ្រូទៅឯផ្ទះលោក ដើម្បីនឹងបានស្តាប់លោកគ្រូអធិប្បាយខ្លះ
23 ដូច្នេះ ពេត្រុសក៏អញ្ជើញគេចូលមកស្នាក់នៅសិន លុះដល់ស្អែក គាត់ក្រោកឡើង ទៅជាមួយនឹងគេ ហើយមានពួកបងប្អូនខ្លះ ដែលនៅយ៉ុបប៉េ ក៏ទៅជាមួយដែរ
24 ដល់ស្អែកឡើង គេចូលទៅក្នុងសេសារា ឯកូនេលាសក៏ទន្ទឹងមើលផ្លូវគេ បានទាំងប្រមូលញាតិសន្តាន និងសំឡាញ់ស្និទ្ធស្នាលរបស់លោកមកផង។
25 កាលពេត្រុសកំពុងតែចូលទៅ កូនេលាសក៏មករាក់ទាក់ទទួល ដោយក្រាបថ្វាយបង្គំនៅទៀបជើងគាត់
26 តែពេត្រុសលើកលោកឡើង ដោយពាក្យថា សូមក្រោកឡើង ខ្លួនខ្ញុំជាមនុស្សដូចគ្នាដែរ
27 នោះក៏ចូលទៅទាំងចរចាគ្នា ហើយឃើញមានមនុស្សជាច្រើនប្រជុំចាំ
28 រួចគាត់និយាយទៅគេថា អ្នករាល់គ្នាដឹងថា មនុស្សសាសន៍យូដាគ្មានច្បាប់នឹងសេពគប់នឹងសាសន៍ដទៃ ឬនឹងចូលទៅជិតគេឡើយ តែព្រះទ្រង់បានសម្ដែងឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ
29 ហេតុនោះបានជាកាលលោកចាត់គេឲ្យទៅហៅខ្ញុំ នោះខ្ញុំបានមកដោយឥតប្រកែកសោះ ដូច្នេះ ខ្ញុំសូមសួរលោក តើលោកឲ្យខ្ញុំមកមានការអ្វី
30 កូនេលាសឆ្លើយថា កន្លងមក៤ថ្ងៃហើយ ពេលថ្មើរណេះ កាលខ្ញុំកំពុងតែតម ហើយអធិស្ឋាននៅផ្ទះខ្ញុំ ក្នុងពេលម៉ោង៣រសៀល នោះឃើញមានម្នាក់ពាក់អាវដ៏ភ្លឺ ឈរនៅមុខខ្ញុំ
31 ប្រាប់ថា កូនេលាសអើយ ព្រះបានទទួលសេចក្ដីអធិស្ឋានរបស់អ្នកហើយ ក៏នឹកចាំពីទានរបស់អ្នកដែរ
32 ដូច្នេះ ចូរប្រើគេឲ្យទៅឯយ៉ុបប៉េ អញ្ជើញស៊ីម៉ូន ដែលហៅថា ពេត្រុសមក លោកនោះនៅក្នុងផ្ទះរបស់ជាងសម្លាប់ស្បែក ឈ្មោះស៊ីម៉ូន នៅក្បែរមាត់សមុទ្រ កាលណាលោកបានមកដល់ នោះនឹងអធិប្បាយឲ្យអ្នកស្តាប់
33 ដូច្នេះ ខ្ញុំបានចាត់គេឲ្យទៅឯលោកភ្លាម ដែលលោកអញ្ជើញមកនេះក៏ល្អហើយ ឥឡូវនេះ យើងទាំងអស់នៅចំពោះព្រះ ដើម្បីនឹងស្តាប់គ្រប់ទាំងសេចក្ដី ដែលព្រះបានបង្គាប់មកលោក។
34 ពេត្រុសក៏បើកមាត់និយាយថា ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ
35 គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ
36 ឯព្រះបន្ទូល ដែលទ្រង់បានផ្សាយមកដល់ពួកសាសន៍អ៊ីស្រាអែល ដោយប្រកាសប្រាប់ដំណឹងល្អ ជាសេចក្ដីមេត្រី ដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះអម្ចាស់លើទាំងអស់
37 នោះអ្នករាល់គ្នាដឹងស្រាប់ហើយ គឺជារឿងដែលបានថ្លែងប្រាប់ ចាប់តាំងពីស្រុកកាលីឡេ ក្នុងគ្រាក្រោយដែលលោកយ៉ូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ក៏ផ្សាយមកគ្រប់ក្នុងស្រុកយូដាផង
38 គឺពីព្រះយេស៊ូវ ពីស្រុកណាសារ៉ែត ដែលព្រះបានចាក់ព្រះវិញ្ញាណបរិសុទ្ធ និងព្រះចេស្តាឲ្យមកសណ្ឋិតលើទ្រង់ ហើយទ្រង់បានយាងចុះឡើងធ្វើការល្អ ព្រមទាំងប្រោសឲ្យអស់អ្នក ដែលត្រូវអារក្សសង្កត់សង្កិនបានជាផង ដ្បិតព្រះបានគង់ជាមួយនឹងទ្រង់
39 ឯយើងរាល់គ្នា ជាទីបន្ទាល់ពីអស់ទាំងការដែលទ្រង់ធ្វើ នៅក្នុងស្រុករបស់ពួកសាសន៍យូដា ហើយនៅក្រុងយេរូសាឡឹម
40 គេបានធ្វើគុតទ្រង់ ដោយព្យួរនៅលើឈើ តែព្រះបានប្រោសឲ្យទ្រង់រស់ឡើងវិញនៅថ្ងៃទី៣ ព្រមទាំងអនុញ្ញាតឲ្យទ្រង់សម្ដែងមកឲ្យឃើញផង
41 មិនមែនឲ្យប្រជាជនទាំងអស់ឃើញទេ គឺឲ្យពួកស្មរបន្ទាល់ដែលព្រះបានរើសអំពីមុនមកវិញ គឺជាពួកយើងរាល់គ្នា ដែលបានទទួលទានជាមួយនឹងទ្រង់ ក្នុងពេលក្រោយ ដែលទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ
42 ទ្រង់ក៏ផ្តាំមកយើងរាល់គ្នា ឲ្យប្រកាសប្រាប់ដល់បណ្តាជនទាំងឡាយ ហើយឲ្យធ្វើបន្ទាល់សព្វគ្រប់ថា គឺព្រះអង្គនេះហើយ ដែលព្រះបានតាំងឡើង ឲ្យជំនុំជម្រះដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង
43 ពួកហោរាសុទ្ធតែធ្វើបន្ទាល់ពីទ្រង់ថា អស់អ្នកណាដែលជឿដល់ទ្រង់ នោះបានរួចពីបាប ដោយសារព្រះនាមទ្រង់។
44 កាលពេត្រុសកំពុងតែអធិប្បាយនៅឡើយ នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមក សណ្ឋិតលើអស់អ្នកដែលកំពុងតែស្តាប់ព្រះបន្ទូល
45 ឯពួកអ្នកជឿ ក្នុងពួកកាត់ស្បែកទាំងប៉ុន្មាន ដែលមកជាមួយនឹងពេត្រុស គេក៏មានសេចក្ដីអស្ចារ្យជាខ្លាំង ពីដំណើរដែលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ បានចាក់មកលើពួកសាសន៍ដទៃដូច្នេះដែរ
46 ដ្បិតគេឮអ្នកទាំងនោះនិយាយភាសាដទៃ ហើយសរសើរតម្កើងដល់ព្រះ
47 នោះពេត្រុសសួរថា តើមានអ្នកណាអាចនឹងឃាត់ មិនឲ្យធ្វើបុណ្យជ្រមុជទឹកដល់អ្នកទាំងនេះបានឬទេ ដែលពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងដែរ
48 គាត់ក៏បង្គាប់ឲ្យធ្វើបុណ្យជ្រមុជឲ្យគេដោយនូវព្រះនាមព្រះអម្ចាស់ រួចគេសូមអង្វរគាត់ ឲ្យនៅជាមួយពីរបីថ្ងៃទៀត។