សាំយូអែល ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31


ជំពូក 1

រីឯ​នៅ​រ៉ាម៉ា​ថែម-សូភិម ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម នោះ​មាន​មនុស្ស​ម្នាក់​ឈ្មោះ​អែល‌កាណា ជា​កូន​យេរ៉ូហាំៗ ជា​កូន​អេលី‌ហ៊ូវៗ ជា​កូន​ថូហ៊ូវៗ ជា​កូន​ស៊ូភ អ្នក​នោះ​ជា​ពួក​អេប្រាតា
2 គាត់​មាន​ប្រពន្ធ​២ មួយ​ឈ្មោះ​ហាណា មួយ​ទៀត​ឈ្មោះ​ពេនី‌ណា ឯ​ពេនី‌ណា​នាង​មាន​កូន តែ​នាង​ហាណា​គ្មាន​កូន​ទេ
3 រាល់​តែ​ឆ្នាំ គាត់​តែង​ឡើង​ពី​ក្រុង​ខ្លួន​ទៅ​ឯ​ស៊ីឡូរ ដើម្បី​នឹង​ថ្វាយ‌បង្គំ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ រីឯ​នៅ​ទី​នោះ មាន​ហុបនី និង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២​នាក់ ធ្វើ​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា
4 លុះ​ដល់​ថ្ងៃ​ដែល​អែល‌កាណា​ថ្វាយ​យញ្ញ‌បូជា​របស់​ខ្លួន នោះ​ក៏​ចែក​ចំណែក​ដល់​ពេនី‌ណា​ជា​ប្រពន្ធ និង​ដល់​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទាំង​អស់​គ្នា
5 តែ​បាន​ចែក​ដល់​ហាណា​១​ជា​២​វិញ ដ្បិត​គាត់​ស្រឡាញ់​ហាណា​ជាង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្ខាំង​ផ្ទៃ​នាង
6 គូ​វិវាទ​របស់​នាង​ក៏​រុក‌កួន​នាង​ជា​ខ្លាំង ចង់​ឲ្យ​នាង​កើត​សេចក្ដី​កំហឹង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ
7 ហើយ​ដែល​គាត់​ឡើង​ទៅ​រាល់​តែ​ឆ្នាំ​ដូច្នោះ នោះ​ពេនី‌ណា​ក៏​តែង‌តែ​រុក‌កួន​នាង​កំពុង​ដែល​ធ្វើ​ដំណើរ ឡើង​ទៅ​ឯ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​ហាណា នាង​យំ ហើយ​មិន​បរិភោគ​ទេ
8 នោះ​អែល‌កាណា​ជា​ប្ដី​សួរ​ថា ហាណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ ហើយ​មិន​បរិភោគ​ដូច្នេះ ម្តេច​ក៏​នាង​កើត​ទុក្ខ តើ​ខ្ញុំ​មិន​វិសេស​ដល់​នាង ជា​ជាង​មាន​កូន​ប្រុស​១០​នាក់​ទេ​ឬ​អី។
9 ដូច្នេះ ក្រោយ​ដែល​គេ​បាន​បរិភោគ​នៅ​ត្រង់​ស៊ីឡូរ​រួច​ហើយ នោះ​នាង​ហាណា​ក៏​ក្រោក​ឡើង រីឯ​អេលី​ដ៏​ជា​សង្ឃ លោក​កំពុង​នៅ​លើ​ទី​អង្គុយ​របស់​លោក ជិត​សសរ​ទ្វារ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា
10 ខណៈ​នោះ នាង​មាន​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត​ណាស់ ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ទាំង​យំ​អណ្តឺត‌អណ្តក
11 រួច​នាង​បន់​ថា ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ បើ​សិន​ជា​ទ្រង់​នឹង​ក្រឡេក​ព្រះ‌នេត្រ​មក​ទត​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​ស្រី​បម្រើ​ទ្រង់ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​ស្រី​បម្រើ​ទ្រង់ បាន​កូន​ប្រុស​១ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​១​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ។
12 គ្រា​កំពុង​ដែល​នាង​នៅ​អធិស្ឋាន​ចំពោះ​ព្រះ‌យេហូវ៉ា​នៅ​ឡើយ នោះ​អេលី​ក៏​ចំណាំ​មើល​មាត់​នាង
13 ឯ​ហាណា នាង​នឹក​តែ​ក្នុង​ពោះ មាន​បបូរ‌មាត់​ផ្អូចៗ តែ​ឥត​ឮ​សំឡេង​នាង​ឡើយ បាន​ជា​អេលី​ស្មាន​ថា​ជា​នាង​ស្រវឹង​ហើយ
14 ទើប​សួរ​ថា តើ​នាង​នៅ​តែ​ស្រវឹង​ដល់​កាល​ណា​ទៀត ចូរ​លះ​ចោល​ស្រា​ពី​ខ្លួន​នាង​ចេញ​ទៅ
15 តែ​ហាណា​ឆ្លើយ​តប​ថា ទេ ព្រះ‌គុណ​ម្ចាស់​អើយ ខ្ញុំ​ជា​ស្ត្រី​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង​ទេ ខ្ញុំ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ គឺ​ខ្ញុំ​បាន​ប្លុង​ចិត្ត​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ​តើ
16 សូម​កុំ​រាប់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ទុក​ជា​ស្ត្រី​អាក្រក់​ឡើយ ដ្បិត​ដែល​ខ្ញុំ​បាន​ចេញ​វាចា ដរាប​ដល់​ឥឡូវ​នេះ នោះ​កើត​តែ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ និង​ការ​រុក‌កួន​ដ៏​ហួស​កំណោះ​ប៉ុណ្ណោះ​ទេ
17 នោះ​អេលី​ឆ្លើយ​ថា ដូច្នេះ សូម​អញ្ជើញ​ទៅ​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ សូម​ឲ្យ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​ប្រោស​ឲ្យ​បាន​សម្រេច​ដល់​នាង តាម​សេចក្ដី​ដែល​បាន​សូម​ពី​ទ្រង់​ចុះ
18 រួច​នាង​សូម​ថា ដូច្នេះ សូម​ឲ្យ​ខ្ញុំ ជា​អ្នក​បម្រើ​លោក បាន​ប្រកប​ដោយ​គុណ​នៃ​លោក​ម្ចាស់​ផង នោះ​នាង​ក៏​បាត់​ទឹក​មុខ​ព្រួយ ហើយ​ចេញ​ទៅ​បរិភោគ​ភោជន៍​វិញ។
19 លុះ​ព្រលឹម​ស្រាង​ឡើង គេ​ក៏​នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ។
20 ឯ​អែល‌កាណា​ក៏​ស្គាល់​ហាណា​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹក​ចាំ​ពី​នាង
20 លុះ​ដល់​នាង​ហាណា​មាន​ទំងន់​គ្រប់​ខែ​ហើយ នោះ​ក៏​សម្រាល​បាន​កូន​ប្រុស​១ នាង​ឲ្យ​ឈ្មោះ​ថា​សាំយូ‌អែល ដោយ​ថា អញ​បាន​សូម​វា​ពី​ព្រះ‌យេហូវ៉ា​មក។
21 ឯ​អែល‌កាណា ជា​ប្ដី​នាង ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់ ក៏​នាំ​គ្នា​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា តាម​ដែល​ធ្លាប់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​រាល់​តែ​ឆ្នាំ ហើយ​និង​លា​បំណន់​របស់​គាត់​ទៅ
22 តែ​ហាណា​មិន​បាន​ទៅ​ទេ ដោយ​ប្រាប់​ប្ដី​ថា ចាំ​ដល់​កូន​លែង​ដោះ​សិន នោះ​ខ្ញុំ​នឹង​នាំ​វា​ទៅ ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​នៅ​ទី​នោះ​ជាប់​ជា​ដរាប​ទៅ
23 នោះ​អែល‌កាណា​ជា​ប្ដី​ឆ្លើយ​ថា ចូរ​ធ្វើ​តាម​ដែល​នាង​គិត​ឃើញ​ថា​ត្រូវ​ចុះ ចូរ​នៅ​ចាំ​ទាល់​តែ​វា​លែង​ដោះ​សិន សូម​តែ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​ទ្រង់​ប៉ុណ្ណោះ ដូច្នេះ នាង​ក៏​នៅ​បំបៅ​កូន ទាល់​តែ​បាន​ផ្តាច់​ដោះ​ហើយ
24 លុះ​បាន​ផ្តាច់​ដោះ​ស្រេច​ហើយ នោះ​នាង​ក៏​នាំ​យក​កូន​ឡើង​ទៅ​ជា​មួយ ព្រម​ទាំង​គោ​ឈ្មោល​ស្ទាវ​៣ ម្សៅ​១​ថាំង ហើយ​និង​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​១ នាំ​ទៅ​ឯ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ស៊ីឡូរ ឯ​កូន​នោះ​នៅ​ក្មេង​ណាស់
25 រួច​គេ​សម្លាប់​គោ​ឈ្មោល ហើយ​នាំ​កូន​ទៅ​ឯ​អេលី
26 ជម្រាប​ថា ឱ​ព្រះ‌គុណ​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រលឹង​លោក​ដែល​នៅ​រស់ ព្រះ‌គុណ​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​នេះ​ហើយ ជា​ស្រី​ដែល​បាន​ឈរ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា នៅ​ទី​នេះ​ជិត​លោក
27 គឺ​ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​បាន​កូន​នេះ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​សម្រេច​ដល់​ខ្ញុំ ដូច​ពាក្យ​សំណូម​នោះ​មែន
28 ដូច្នេះ ខ្ញុំ​សូម​ប្រគល់​វា​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​របស់​ផង​ទ្រង់​រហូត​ដល់​អស់​ជីវិត រួច​គេ​នាំ​គ្នា​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។