សាំយូអែល ទី ២
ជំពូក 9
 គ្រានោះ ដាវីឌមានព្រះបន្ទូលសួរថា តើមានពូជពង្សរបស់សូលសល់នៅឬទេ ដើម្បីឲ្យយើងបានសម្ដែងសេចក្ដីករុណាដល់អ្នកនោះ ដោយយល់ដល់យ៉ូណាថាន 
2  រីឯនៅក្នុងពួកដំណាក់សូល មានអ្នកបម្រើម្នាក់ឈ្មោះស៊ីបា គេក៏ហៅអ្នកនោះមកឯដាវីឌ រួចទ្រង់មានព្រះបន្ទូលសួរថា តើឯងឈ្មោះស៊ីបាឬអី អ្នកនោះឆ្លើយថា ព្រះករុណាវិសេស គឺទូលបង្គំនេះហើយ 
3  នោះស្តេចទ្រង់មានព្រះបន្ទូលសួរថា តើមានពូជពង្សរបស់សូលណាមួយសល់នៅឬទេ ដើម្បីឲ្យយើងបានសម្ដែងសេចក្ដីករុណានៃព្រះដល់អ្នកនោះ ស៊ីបាទូលឆ្លើយថា នៅមានម្នាក់ខ្វិនជើង ជាបុត្រនៃយ៉ូណាថាន 
4  ស្តេចទ្រង់មានព្រះបន្ទូលសួរថា តើនៅឯណា រួចស៊ីបាទូលតបថា លោកនៅឯផ្ទះម៉ាគារ ជាកូនអាំមាល ដែលនៅក្រុងឡូរ-ដេបារ 
5  នោះស្តេចដាវីឌទ្រង់ក៏ចាត់គេឲ្យទៅនាំលោកពីផ្ទះម៉ាគារ ជាកូនអាំមាល ជាអ្នកដែលនៅក្រុងឡូរ-ដេបារនោះមក 
6  ដូច្នេះ មភីបូសែតជាបុត្រានៃយ៉ូណាថានដែលជាបុត្រាសូល ក៏មកឯដាវីឌ ទម្លាក់ខ្លួនក្រាបចុះផ្កាប់មុខថ្វាយបង្គំ រួចដាវីឌទ្រង់មានព្រះបន្ទូលថា មភីបូសែតអើយ លោកក៏ទូលឆ្លើយថា បពិត្រព្រះករុណាវិសេស 
7  នោះដាវីឌមានព្រះបន្ទូលថា កុំខ្លាចអ្វីឡើយ ដ្បិតយើងនឹងសម្ដែងសេចក្ដីករុណាដល់អ្នក ដោយយល់ដល់យ៉ូណាថានបិតាអ្នក ហើយយើងនឹងប្រគល់អស់ទាំងស្រែចម្ការរបស់សូលជាជីតាដល់អ្នក តែឯខ្លួនអ្នកនឹងបរិភោគនៅតុជាមួយនឹងយើងជានិច្ច 
8  នោះលោកក៏ក្រាបថ្វាយបង្គំទូលថា តើបាវបម្រើនៃទ្រង់នេះជាអ្វី បានជាទ្រង់ព្រមក្រឡេកមើលមកទូលបង្គំ ដែលទុកដូចជាឆ្កែស្លាប់នេះ។ 
9  ស្តេចទ្រង់ក៏មានព្រះបន្ទូលហៅស៊ីបា ជាបាវបម្រើរបស់សូលមកត្រាស់បង្គាប់ថា បណ្តារបស់ទ្រព្យទាំងប៉ុន្មានដែលជារបស់សូល និងពូជពង្សទ្រង់ នោះអញប្រគល់ឲ្យដល់បុត្រារបស់ចៅហ្វាយឯងនេះហើយ 
10  ត្រូវឲ្យឯងភ្ជួររាស់ស្រែចម្ការនោះឲ្យលោក ព្រមទាំងកូនចៅឯង ហើយពួកបាវបម្រើរបស់ឯងទាំងអស់គ្នាផង ត្រូវប្រមូលផលផ្លែយកមកជូនបុត្រារបស់ចៅហ្វាយឯងបានអាហារបរិភោគ ប៉ុន្តែ ឯមភីបូសែតជាបុត្រាចៅហ្វាយឯង លោកនឹងបរិភោគនៅតុជាមួយនឹងអញជានិច្ច រីឯស៊ីបាមានកូនប្រុស១៥នាក់ និងបាវ២០នាក់ 
11  នោះស៊ីបាទូលទៅស្តេចថា ទូលបង្គំជាបាវបម្រើទ្រង់ នឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលទ្រង់ព្រះករុណា ជាអម្ចាស់នៃទូលបង្គំ បានមានព្រះបន្ទូលប្រាប់មក តែចំណែកមភីបូសែតនោះ ទ្រង់មានព្រះបន្ទូលថា លោកត្រូវបរិភោគនៅតុយើង ទុកដូចជាបុត្រណាមួយរបស់ស្តេច 
12  ឯមភីបូសែត លោកមានកូនប្រុស១ឈ្មោះមីកា ហើយអស់ពួកអ្នកដែលនៅក្នុងផ្ទះស៊ីបា នោះសុទ្ធតែជាបាវបម្រើរបស់មភីបូសែតទាំងអស់ 
13  ដូច្នេះ មភីបូសែតលោកក៏នៅក្រុងយេរូសាឡឹមទៅ ដោយព្រោះលោកត្រូវបរិភោគនៅតុនៃស្តេច ហើយលោកខ្វិនជើងទាំង២។