ពង្សាវតារក្សត្រ ទី ២

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25


ជំពូក 1

ក្រោយ​ដែល​អ័ហាប់​សុគត​ហើយ នោះ​សាសន៍​ម៉ូអាប់ គេ​បះ‌បោរ​នឹង​ពួក​អ៊ីស្រា‌អែល 2នៅ​ខណៈ​នោះ អ័ហា‌ស៊ីយ៉ា​ទ្រង់​ធ្លាក់​ពី​ភ្នាក់​ដៃ​រាន​ជាន់​លើ នៃ​ដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​ក៏​ទ្រង់​ប្រឈួន នោះ​ទ្រង់​ប្រើ​គេ​ឲ្យ​ទៅ ដោយ​បង្គាប់​ថា ចូរ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន តើ​អញ​នឹង​បាន​ជា​ពី​ការ​ឈឺ​នេះ​ឬ​ទេ 3តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ប្រាប់​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា ចូរ​ក្រោក​ឡើង​ទៅ​ជួប​នឹង​ពួក​អ្នក ដែល​ស្តេច​ក្រុង​សាម៉ារី​ចាត់​ប្រើ​ទៅ​នោះ សួរ​គេ​ថា តើ​ដោយ​ហេតុ​តែ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឬ​អី បាន​ជា​ឯង​រាល់​គ្នា​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន​វិញ 4ហេតុ​នោះ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​នឹង​មិន​ចុះ​ពី​ដំណេក​ដែល​ឯង​បាន​ឡើង​ទៅ​នោះ​បាន​ឡើយ គឺ​នឹង​ត្រូវ​ស្លាប់​ជា​ពិត រួច​អេលីយ៉ា​ក៏​ចេញ​បាត់​ទៅ។ 5ឯ​ពួក​អ្នក​ដែល​ស្តេច​ចាត់​ប្រើ​នោះ គេ​ក៏​វិល​ត្រឡប់​មក​ឯ​ទ្រង់​វិញ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​វិល​មក​វិញ​ដូច្នេះ 6គេ​ក៏​ទូល​ឆ្លើយ​ថា មាន​មនុស្ស​ម្នាក់​ឡើង​មក​ជួប​នឹង​យើង​ខ្ញុំ​ប្រាប់​ថា ចូរ​វិល​ទៅ​ឯ​ស្តេច​ដែល​ចាត់​ប្រើ​ឯង​រាល់​គ្នា​មក ហើយ​ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដោយ​ហេតុ​តែ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឬ​អី បាន​ជា​ព្រះ‌ករុណា​ចាត់​គេ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន​វិញ ហេតុ​នេះ ទ្រង់​នឹង​មិន​ចុះ​ពី​ដំណេក ដែល​បាន​ឡើង​ទៅ​នោះ​បាន​ឡើយ គឺ​ត្រូវ​សុគត​ជា​ពិត​វិញ 7ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា មនុស្ស​ដែល​ឡើង​មក​ជួប​នឹង​ឯង​រាល់​គ្នា ពោល​សេចក្ដី​ទាំង​នេះ តើ​បែប​យ៉ាង​ណា 8គេ​ទូល​តប​ថា មនុស្ស​នោះ​ពាក់​អាវ​ធ្វើ​ពី​រោម ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នោះ​គឺ​ជា​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ហើយ។ ស្តេច​អ័ហា‌ស៊ីយ៉ា​រក​ចាប់​ហោរា​អេលីយ៉ានោះ​ទ្រង់​ចាត់​មេ‌ទ័ព​ម្នាក់ និង​ពួក​ទាហាន​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​រក​អេលីយ៉ា គេ​ក៏​ឡើង​ទៅ​ឯ​លោក​ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ មេ‌ទ័ព​នោះ​និយាយ​នឹង​លោក​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ ស្តេច​ទ្រង់​បង្គាប់​ឲ្យ​អ្នក​ចុះ​មក
10 អេលីយ៉ា​ឆ្លើយ​ទៅ​មេ‌ទ័ព​នោះ​ថា បើ​ខ្ញុំ​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត នោះ​សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ឯង និង​ពួក​៥០​នាក់​របស់​ឯង​ទៅ នោះ​ក៏​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​ទ័ព​នោះ និង​ពួក​៥០​នាក់​របស់​គាត់​មែន
11 ទ្រង់​ក៏​ចាត់​មេ‌ទ័ព​ម្នាក់ និង​ពួក​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​រក​លោក​ទៀត មេ‌ទ័ព​នោះ​និយាយ​នឹង​លោក​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ចុះ​មក​ជា​ឆាប់
12 អេលីយ៉ា​ក៏​ឆ្លើយ​ទៅ​គេ​ថា បើ​ខ្ញុំ​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត នោះ​សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ឯង និង​ពួក​៥០​នាក់​របស់​ឯង​ទៅ នោះ​ក៏​មាន​ភ្លើង​នៃ​ព្រះ​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​មេ‌ទ័ព​នោះ និង​ពួក​៥០​នាក់​របស់​គាត់​ដែរ
13 រួច​ទ្រង់​ក៏​ចាត់​មេ‌ទ័ព​ទី​៣ និង​ពួក​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​ថែម​ទៀត មេ‌ទ័ព​ទី​៣​នោះ​ក៏​ឡើង​ទៅ​លុត​ជង្គង់​ក្រាប​នៅ​មុខ​អេលីយ៉ា​អង្វរ​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ សូម​អាណិត​មេត្តា​ឲ្យ​ជីវិត​របស់​ខ្ញុំ​ប្របាទ និង​ជីវិត​របស់​៥០​នាក់​នេះ បាន​មាន​តម្លៃ​នៅ​ភ្នែក​លោក​ចុះ
14 មើល មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​បញ្ឆេះ​មេ‌ទ័ព​ទាំង​២​នាក់ និង​ពួក​៥០​នាក់​របស់​គេ ដែល​មក​មុន​នោះ​ទៅ​ហើយ តែ​ឥឡូវ​នេះ សូម​ឲ្យ​ជីវិត​ខ្ញុំ​ប្របាទ​មាន​តម្លៃ​នៅ​ភ្នែក​លោក​វិញ
15 នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ប្រាប់​អេលីយ៉ា​ថា ចូរ​ចុះ​ទៅ​ជា​មួយ​នឹង​គេ​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ចុះ​ទៅ​ជា​មួយ​នឹង​គេ ចូល​ទៅ​គាល់​ស្តេច
16 លោក​ទូល​ស្តេច​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​ចាត់​ប្រើ​គេ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន នោះ​តើ​មិន​មែន​ដោយ​ព្រោះ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល ដែល​ល្មម​សួរ​ព្រះ‌បន្ទូល​ទ្រង់​បាន​ឬ​អី ហេតុ​នេះ ឯង​នឹង​មិន​បាន​ចុះ​ពី​ដំណេក ដែល​បាន​ឡើង​ទៅ​នោះ​ឡើយ គឺ​នឹង​ត្រូវ​ស្លាប់​វិញ​ជា​ពិត។
17 ទ្រង់​ក៏​សុគត​ទៅ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​អេលីយ៉ា​បាន​ពោល​ហើយ រួច​យ៉ូរ៉ាម ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ គឺ​ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​យ៉ូរ៉ាម ជា​បុត្រ​នៃ​យ៉ូសា‌ផាត ស្តេច​យូដា ដ្បិត​អ័ហា‌ស៊ីយ៉ា​គ្មាន​ព្រះ‌រាជ​បុត្រា​ទេ
18 រីឯ​ដំណើរ​ឯ​ទៀត ពី​អ័ហា‌ស៊ីយ៉ា ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។