សាការី
ជំពូក 2
 ខ្ញុំក៏ងើបភ្នែកឡើង ក្រឡេកមើលទៅ ឃើញមនុស្សដែលកាន់ខ្សែរង្វាស់នៅដៃ 
2  ខ្ញុំបានសួរថា តើអញ្ជើញទៅឯណាហ្នឹង អ្នកនោះឆ្លើយមកខ្ញុំថា ទៅវាស់ក្រុងយេរូសាឡឹម ដើម្បីឲ្យដឹងទទឹង និងបណ្តោយនៃទីក្រុងជាប៉ុន្មាន 
3  នោះឃើញទេវតាដែលពោលនឹងខ្ញុំក៏ចេញទៅ ហើយទេវតា១ទៀតបានមកជួបគ្នា 
4  ដោយប្រាប់ថា ចូររត់ទៅប្រាប់មនុស្សកំលោះនោះថា ក្រុងយេរូសាឡឹមនឹងមានមនុស្សអាស្រ័យនៅ ដូចជានៅអស់ទាំងភូមិដែលឥតមានកំផែង ដោយព្រោះមានមនុស្ស និងសត្វយ៉ាងសន្ធឹកនៅក្នុងនោះ 
5  ដ្បិតអញនឹងបានជាកំផែងភ្លើងដល់ទីក្រុងនៅព័ទ្ធជុំវិញ ហើយនិងជាសិរីល្អនៅកណ្តាលនេះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ 
6  ហឺយៗ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូររត់ចេញពីស្រុកខាងជើងមក ដ្បិតអញបានបែងចែកឯងរាល់គ្នាទៅដូចជាខ្យល់ទាំង៤នៅលើអាកាស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា 
7  ហឺយ ពួកស៊ីយ៉ូន ដែលនៅជាមួយនឹងកូនស្រីក្រុងបាប៊ីឡូនអើយ ចូរដោះខ្លួនឲ្យរួចចុះ 
8  ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា ក្រោយសិរីល្អ នោះទ្រង់បានចាត់អញទៅឯសាសន៍ដទៃ ដែលប្លន់ឯងរាល់គ្នា ពីព្រោះអ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺជាពាល់ដល់ប្រស្រីព្រះនេត្រនៃទ្រង់ហើយ 
9  ដ្បិតមើលអញនឹងងាដៃពីលើគេ ហើយគេនឹងត្រឡប់ជារបឹបដល់ពួកអ្នកដែលបម្រើគេវិញ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានចាត់អញមក 
10  ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀង ហើយមានចិត្តអរសប្បាយឡើង ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញមកហើយ អញនឹងនៅកណ្តាលឯងរាល់គ្នា 
11  នៅគ្រានោះ សាសន៍ជាច្រើននឹងចូលពួកខាងព្រះយេហូវ៉ា គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងនៅកណ្តាលឯងរាល់គ្នា នោះឯងនឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានចាត់ឲ្យអញមកឯឯង 
12  ព្រះយេហូវ៉ាទ្រង់នឹងបានស្រុកយូដាទុកជាចំណែកមរដកនៃទ្រង់ នៅក្នុងស្រុកបរិសុទ្ធ ហើយទ្រង់នឹងរើសយកក្រុងយេរូសាឡឹមទៀត 
13  មនុស្សទាំងឡាយអើយ ចូរនៅស្ងៀមចំពោះព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានតើនឡើង ចេញពីទីលំនៅបរិសុទ្ធរបស់ទ្រង់ហើយ។