លេវីវិន័យ
ជំពូក 10
ឯណាដាប និងអ័ប៊ីហ៊ូវ ជាកូនអើរ៉ុនទាំង២នាក់ ក៏យកជើងពានរៀងខ្លួនទៅដាក់ភ្លើង ហើយរោយគ្រឿងក្រអូបពីលើ គឺបានយកភ្លើងដទៃទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ដែលទ្រង់ឥតបានបង្គាប់ឡើយ
2 នោះស្រាប់តែមានភ្លើងចេញពីចំពោះព្រះយេហូវ៉ាមក បញ្ឆេះអ្នកទាំង២នោះ ឲ្យស្លាប់នៅចំពោះព្រះយេហូវ៉ាទៅ
3 ម៉ូសេក៏និយាយនឹងអើរ៉ុនថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកថា ត្រូវឲ្យអស់អ្នកដែលចូលមកជិតអញ បានលើកអញជាបរិសុទ្ធ ហើយត្រូវឲ្យអញបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ ដូច្នេះ អើរ៉ុនក៏នៅស្ងៀម
4 នោះម៉ូសេលោកហៅមីសាអែល និងអែលសាផាន ជាកូនអ៊ូស៊ាល ដែលត្រូវជាមាអើរ៉ុន មកបង្គាប់ថា ចូរមកសែងយកខ្មោចបងប្អូនឯង ចេញពីមុខទីបរិសុទ្ធទៅខាងក្រៅទីដំឡើងត្រសាលទៅ
5 គេក៏ចូលទៅចាប់អាវខ្មោចទាំងនោះ សែងចេញទៅក្រៅទីដំឡើងត្រសាលតាមបង្គាប់ម៉ូសេ
6 រួចម៉ូសេប្រាប់ដល់អើរ៉ុន ហើយអេលាសារ និងអ៊ីថាម៉ារជាកូនលោកថា កុំឲ្យអ្នករាល់គ្នាបើកក្បាលឲ្យនៅទទេឡើយ ក៏កុំហែកសម្លៀកបំពាក់ខ្លួនដែរ ក្រែងលោស្លាប់ ហើយនាំឲ្យព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងពួកជំនុំទាំងអស់គ្នាផង តែត្រូវឲ្យបងប្អូនអ្នករាល់គ្នា គឺជាពួកវង្សអ៊ីស្រាអែលទាំងអស់កាន់ទុក្ខ ដោយព្រោះភ្លើងដែលព្រះយេហូវ៉ាបានបញ្ឆេះគេវិញ
7 មិនត្រូវឲ្យអ្នករាល់គ្នាចេញពីត្រសាលជំនុំឡើយ ក្រែងនឹងត្រូវស្លាប់ ដ្បិតប្រេងចាក់លាបរបស់ព្រះយេហូវ៉ានៅជាប់លើអ្នករាល់គ្នាហើយ គេក៏ធ្វើតាមបង្គាប់របស់ម៉ូសេ។
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា
9 កាលណាចូលទៅក្នុងត្រសាលជំនុំ នោះកុំឲ្យឯង ឬពួកកូនឯងផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោស្លាប់ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងពូជតំណឯងតទៅ
10 គឺដើម្បីឲ្យឯងរាល់គ្នាចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតា និងរបស់ស្មោកគ្រោកចេញពីរបស់ដែលស្អាត
11 ហើយឲ្យបានបង្រៀនបញ្ញត្តច្បាប់ទាំងប៉ុន្មាន ដល់ពួកកូនចៅអ៊ីស្រាអែល ជាបញ្ញត្តដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលប្រាប់គេដោយសារម៉ូសេ។
12 រួចម៉ូសេបង្គាប់ដល់អើរ៉ុន ហើយអេលាសារ និងអ៊ីថាម៉ារ គឺជាកូនអើរ៉ុនដែលនៅសល់ថា ចូរយកតង្វាយម្សៅដែលសល់ពីតង្វាយព្រះយេហូវ៉ា ទៅបរិភោគដោយឥតដំបែនៅខាងអាសនៈទៅ ដ្បិតតង្វាយនោះជារបស់បរិសុទ្ធបំផុត
13 ត្រូវឲ្យអ្នករាល់គ្នាបរិភោគតង្វាយនោះនៅទីកន្លែងបរិសុទ្ធ ដ្បិតនេះជាចំណែករបស់បង និងពួកកូនរបស់បង ពីតង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ពីព្រោះខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះហើយ
14 ឯទ្រូងដែលគ្រវី និងស្មាដែលថ្វាយដោយលើកចុះឡើង នោះត្រូវបរិភោគនៅទីកន្លែងដ៏ស្អាត គឺទាំងបង ហើយនិងពួកកូនប្រុសស្រីរបស់បងផង ដ្បិតរបស់ទាំងនោះបានប្រទានមកទុកជាចំណែករបស់បងហើយ និងជាចំណែកនៃពួកកូនរបស់បង ពីយញ្ញបូជានៃតង្វាយមេត្រីទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលផង
15 គេត្រូវយកស្មាដែលថ្វាយដោយលើកចុះឡើង និងទ្រូងដែលគ្រវី មកជាមួយនឹងខ្លាញ់ទាំងប៉ុន្មានដែលសម្រាប់ដុតថ្វាយ ដើម្បីនឹងគ្រវី ទុកជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា តង្វាយនោះនឹងត្រូវបានជារបស់ផងបង ហើយនិងពួកកូនរបស់បងផង តាមបញ្ញត្តច្បាប់នៅអស់កល្បជានិច្ចដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
16 ម៉ូសេក៏ខំរកពពែដែលសម្រាប់ជាតង្វាយលោះបាបនោះ តែឃើញថា គេបានដុតទៅហើយ នោះលោកក៏ខឹងនឹងអេលាសារ ហើយនិងអ៊ីថាម៉ារ ជាកូនអើរ៉ុនដែលនៅសល់ ហើយសួរថា
17 ដែលឃើញថា តង្វាយលោះបាបនេះ ជារបស់បរិសុទ្ធបំផុត ហើយថា ទ្រង់បានប្រទានមកឯងរាល់គ្នាផង ចុះម្តេចក៏ឯងមិនបានយកទៅបរិភោគក្នុងទីបរិសុទ្ធវិញ ដើម្បីនឹងទទួលសេចក្ដីទុច្ចរិតរបស់ពួកជំនុំ ប្រយោជន៍ឲ្យបានធួននឹងគេនៅចំពោះព្រះយេហូវ៉ា
18 មើល ឥឡូវមិនបានយកឈាមតង្វាយនោះទៅក្នុងទីបរិសុទ្ធសោះ គួរតែឯងបានបរិភោគតង្វាយនោះនៅក្នុងទីបរិសុទ្ធ ឥតខានវិញ ដូចជាអញបានបង្គាប់ហើយ។
19 នោះអើរ៉ុនឆ្លើយនឹងម៉ូសេថា មើល ថ្ងៃនេះគេបានថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់គេ នៅចំពោះព្រះយេហូវ៉ា ហើយក៏កើតមានហេតុយ៉ាងនេះដល់ខ្ញុំ បើសិនជាខ្ញុំបានទទួលទានតង្វាយលោះបាបនៅថ្ងៃនេះ នោះតើជាទីគាប់ដល់ព្រះនេត្រព្រះយេហូវ៉ាឬ
20 កាលម៉ូសេបានឮពាក្យដូច្នោះហើយ នោះទើបលោកបានពេញចិត្តវិញ។