លេវីវិន័យ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27


ជំពូក 24

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា
2 ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​យក​ប្រេង​អូលីវ​សុទ្ធ​យ៉ាង​សំរាំង​មក​សម្រាប់​ចង្កៀង ដើម្បី​ឲ្យ​បាន​ឆេះ​នៅ​ជានិច្ច
3 អើរ៉ុន​ត្រូវ​ថែ‌ទាំ​ចង្កៀង​នោះ ឲ្យ​ឆេះ​ពី​ល្ងាច​រហូត​ដល់​ព្រឹក​ជា​ប្រក្រតី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ខាង​ក្រៅ​វាំង‌នន​ដែល​បាំង​ទី​បន្ទាល់​ក្នុង​ត្រសាល​ជំនុំ នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អស់‌កល្ប‌ជានិច្ច នៅ​អស់​ទាំង​តំណ​ឯង​ត​រៀង​ទៅ
4 ត្រូវ​ឲ្យ​លោក​រៀប​ចង្កៀង​នៅ​លើ​ជើង​ចង្កៀង​មាស​សុទ្ធ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច។
5 ហើយ​ត្រូវ​ឲ្យ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​ធ្វើ​នំ​១២ គឺ​ថា​នំ​នីមួយៗ​ធ្វើ​ពី​ម្សៅ​២​ខ្ញឹង
6 ហើយ​ត្រូវ​ដំរៀប​នំ​ទាំង​នោះ​ជា​២​ជួរ ក្នុង​១​ជួរ​មាន​៦ នៅ​លើ​តុ​មាស​សុទ្ធ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
7 រួច​ត្រូវ​ដាក់​កំញាន​សុទ្ធ​ពី​លើ​នំ​ទាំង​២​ជួន​នោះ ឲ្យ​បាន​ទុក​ជា​នំបុ័ង​រំឭក គឺ​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា
8 រាល់​តែ​ថ្ងៃ​ឈប់​សម្រាក​ត្រូវ​ឲ្យ​លោក​ដំរៀប​នំ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច ទុក​ជា​តង្វាយ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នេះ​ហើយ​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច
9 នំ​ទាំង​នោះ​ត្រូវ​បាន​ជា​ចំណែក​អើរ៉ុន និង​ពួក​កូន​លោក គេ​ត្រូវ​បរិភោគ​នៅ​ទី​កន្លែង​បរិសុទ្ធ ដ្បិត​ជា​របស់​បរិសុទ្ធ​បំផុត​សម្រាប់​ពួក​លោក ពី​ក្នុង​អស់​ទាំង​តង្វាយ​ដែល​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា តាម​ច្បាប់​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច។ ទោស​សម្រាប់​អ្នក​ប្រមាថ​ព្រះ និង​ឃាតក
10 នៅ​គ្រា​នោះ មាន​កូន​ប្រុស​របស់​ស្ត្រី​សាសន៍​អ៊ីស្រា‌អែល​ម្នាក់ ដែល​ឪពុក​ជា​សាសន៍​អេស៊ីព្ទ បាន​ចេញ​ទៅ​កណ្តាល​ជំនុំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឈ្លោះ​គ្នា​នឹង​មនុស្ស​សាសន៍​អ៊ីស្រា‌អែល​ម្នាក់​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល
11 កូន​របស់​ស្ត្រី​សាសន៍​អ៊ីស្រា‌អែល​នោះ​ក៏​ប្រមាថ​ដល់​ព្រះ‌នាម​នៃ​ព្រះ ព្រម​ទាំង​ជេរ​ប្រទេច​ផង ដូច្នេះ គេ​នាំ​មក​ឯ​ម៉ូសេ (ឯ​ម្តាយ​របស់​អ្នក​នោះ ឈ្មោះ​សឡូមិត ជា​កូន​ឌីបរី ក្នុង​ពូជ​អំបូរ​ដាន់)
12 ហើយ​គេ​ឃុំ​ទុក ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សម្រេច​ពី​ដំណើរ​នោះ។
13 ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា
14 ចូរ​នាំ​អ្នក​ដែល​បាន​ជេរ​ប្រទេច​នោះ ចេញ​ទៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល ហើយ​អស់​អ្នក​ដែល​បាន​ឮ នោះ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​វា រួច​ត្រូវ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ចោល​វា​នឹង​ថ្ម​ទៅ
15 ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អស់​អ្នក​ណា​ដែល​នឹង​ត្រូវ​ជេរ​ប្រទេច​ដល់​ព្រះ​នៃ​ខ្លួន នោះ​ត្រូវ​ទ្រាំ‌ទ្រ​នឹង​អំពើ​បាប​របស់​ខ្លួន​ទៅ
16 ហើយ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​សម្លាប់​ជា​កុំ​ខាន ពួក​ជំនុំ​ទាំង​អស់​គ្នា​ត្រូវ​ចោល​នឹង​ថ្ម​ជា​កុំ​ខាន ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ ឬ​អ្នក​ស្រុក​ក្តី បើ​កាល​ណា​គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ​ហើយ នោះ​ត្រូវ​តែ​សម្លាប់​ចេញ។
17 ហើយ​អ្នក​ណា​ដែល​វាយ​មនុស្ស​ឲ្យ​ដល់​ស្លាប់ នោះ​ត្រូវ​សម្លាប់​ជា​កុំ​ខាន​ដែរ
18 ឯ​អ្នក​ណា​ដែល​វាយ​សត្វ​ឲ្យ​ដល់​ស្លាប់ នោះ​នឹង​ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត
19 បើ​មនុស្ស​ណា​ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​ខ្លួន​មាន​របួស នោះ​គេ​ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​របួស​ដូច​គ្នា​វិញ
20 ត្រូវ​បំបាក់​ឆ្អឹង​ឲ្យ​ធួន​នឹង​ឆ្អឹង​ដែល​បាក់ ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​របួស​ដូច​ជា​ខ្លួន​បាន​ធ្វើ​គេ​ដែរ
21 បើ​អ្នក​ណា​សម្លាប់​សត្វ នោះ​ត្រូវ​តែ​សង​គេ តែ​បើ​សម្លាប់​មនុស្ស​វិញ នោះ​ត្រូវ​តែ​គេ​សម្លាប់​ខ្លួន​ដែរ
22 ត្រូវ​មាន​ច្បាប់​តែ​១​តែ​ម្យ៉ាង​ប៉ុណ្ណោះ សម្រាប់​ទាំង​អ្នក​ស្នាក់​នៅ និង​អ្នក​ស្រុក​ផង ដ្បិត​អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា
23 ដូច្នេះ ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​គេ​ក៏​បាន​នាំ​អ្នក​ដែល​ជេរ​ប្រមាថ​នោះ​ចេញ​ទៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល​ចោល​នឹង​ថ្ម​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​សម្រេច​ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ។