លេវីវិន័យ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27


ជំពូក 21

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ​ឲ្យ​ប្រាប់​ដល់​ពួក​សង្ឃ គឺ​ជា​ពួក​កូន​អើរ៉ុន​ថា មិន​ត្រូវ​ឲ្យ​អ្នក​ណា​មួយ​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​ស្លាប់​នៅ​ក្នុង​ពួក​ញាតិ​សន្តាន​របស់​ខ្លួន​ឡើយ
2 លើក​តែ​ដោយ​ព្រោះ​សាច់‌ញាតិ​ដែល​ជិត‌ដិត​ចេញ គឺ​ម្តាយ ឬ​ឪពុក ឬ​កូន​ប្រុស​កូន​ស្រី ឬ​បង​ប្អូន​ប្រុស​របស់​ខ្លួន​ប៉ុណ្ណោះ
3 ហើយ​ដោយ​ព្រោះ​បង​ប្អូន​ស្រី​នៅ​ក្រមុំ ជា​សាច់​ជិត‌ដិត​ដែល​មិន​ទាន់​មាន​ប្ដី នោះ​នឹង​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​នាង​នោះ​បាន​ដែរ
4 ពួក​សង្ឃ​ជា​មេ​លើ​សាសន៍​របស់​ខ្លួន ដូច្នេះ មិន​ត្រូវ​ធ្វើ​អ្វី​នឹង​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ឲ្យ​បាន​ទាប​ថោក​វិញ​ឡើយ
5 មិន​ត្រូវ​ឲ្យ​គេ​ធ្វើ​ឲ្យ​ទំពែក​នៅ​លើ​ក្បាល ឬ​កាត់​ដំរឹម​ពុក‌មាត់ ឬ​ឆូត​ស្បែក​ខ្លួន​ឡើយ
6 ត្រូវ​ឲ្យ​គេ​បាន​បរិសុទ្ធ​ដល់​ព្រះ​នៃ​ខ្លួន ហើយ​មិន​ត្រូវ​បង្អាប់​ដល់​ព្រះ‌នាម​ព្រះ​នៃ​ខ្លួន​ឡើយ ដ្បិត​គេ​ថ្វាយ​តង្វាយ​ដុត គឺ​ជា​ព្រះ‌ស្ងោយ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ ហេតុ​នោះ​បាន​ជា​គេ​ត្រូវ​តែ​បាន​បរិសុទ្ធ
7 គេ​មិន​ត្រូវ​យក​ស្ត្រី​ណា​ដែល​ជា​ស្រី​សំផឹង ឬ​ដែល​បាន​ខូច​សេចក្ដី​បរិសុទ្ធ​ហើយ ធ្វើ​ជា​ប្រពន្ធ​ឡើយ ក៏​មិន​ត្រូវ​យក​ស្ត្រី​ដែល​ប្ដី​លែង​ដែរ ដ្បិត​គេ​បរិសុទ្ធ​ដល់​ព្រះ​នៃ​គេ
8 ដូច្នេះ ត្រូវ​ឲ្យ​ឯង​ញែក​គេ​ចេញ​ឲ្យ​ផុត ដ្បិត​គេ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ឯង ហើយ​ឯង​ត្រូវ​រាប់​គេ​ជា​បរិសុទ្ធ​ដែរ ដ្បិត​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ អញ​បរិសុទ្ធ
9 បើ​កូន​ស្រី​របស់​សង្ឃ​ណា​ម្នាក់​បង្ខូច​ខ្លួន ដោយ​ធ្វើ​ជា​សំផឹង នោះ​បាន​បង្អាប់​ដល់​ឪពុក​ហើយ ត្រូវ​តែ​ដុត​វា​នឹង​ភ្លើង​ទៅ។
10 ឯ​អ្នក​ណា​ដែល​ធ្វើ​ជា​សម្ដេច​សង្ឃ ក្នុង​ពួក​បង​ប្អូន​របស់​ខ្លួន គឺ​ជា​អ្នក​ដែល​គេ​បាន​ចាក់​ប្រេង​លើ​ក្បាល​តាំង​ឡើង ឲ្យ​បាន​ស្លៀក​សម្លៀក‌បំពាក់​បរិសុទ្ធ នោះ​មិន​ត្រូវ​បើក​ឲ្យ​នៅ​ក្បាល​ទទេ ឬ​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន​ឡើយ
11 ក៏​មិន​ត្រូវ​ចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ណា​ដែរ ឬ​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ឪពុក ឬ​ម្តាយ​ខ្លួន​ឡើយ
12 មិន​ត្រូវ​ឲ្យ​លោក​ចេញ​ពី​ទី​បរិសុទ្ធ ឬ​បង្អាប់​ទី​បរិសុទ្ធ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ ដ្បិត​លោក​មាន​ប្រេង​ចាក់​លាប​របស់​ព្រះ​នៃ​ខ្លួន ដែល​សម្រាប់​តាំង​ឡើង​ជា​សង្ឃ នៅ​លើ​ក្បាល​ហើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា
13 ត្រូវ​ឲ្យ​លោក​យក​ប្រពន្ធ​ដែល​នៅ​ជា​ក្រមុំ​នៅ​ឡើយ
14 មិន​ត្រូវ​យក​ស្រី​មេម៉ាយ ស្រី​ប្ដី​លែង ស្រី​ខូច​សេចក្ដី​បរិសុទ្ធ ឬ​ស្រី​សំផឹង​ឲ្យ​សោះ គឺ​ត្រូវ​យក​ស្រី​ក្រមុំ​ពី​ពួក​សាសន៍​របស់​ខ្លួន​ធ្វើ​ជា​ប្រពន្ធ​វិញ
15 ហើយ​មិន​ត្រូវ​ឲ្យ​ពូជ‌ពង្ស​របស់​ខ្លួន​ទៅ​ជា​ទាប​ថោក​ក្នុង​សាសន៍​ខ្លួន​ឡើយ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​លោក​ចេញ​ជា​បរិសុទ្ធ។
16 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ
17 ឲ្យ​ប្រាប់​ដល់​អើរ៉ុន​ថា បើ​មាន​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​ឯង​នៅ​អស់​ទាំង​តំណ​ត​រៀង​ទៅ​ដែល​វិកល‌វិការ នោះ​មិន​ត្រូវ​ចូល​មក​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ
18 ដ្បិត​អ្នក​ណា​ដែល​វិកល‌វិការ នោះ​មិន​ត្រូវ​ចូល​មក​ជិត​ឡើយ ដូច​ជា​មនុស្ស​ខ្វាក់ ឬ​ខ្ញើច ឬ​អ្នក​ណា​ដែល​មាន​ច្រមុះ​ក្រពិត ឬ​ជើង​ដៃ​មិន​ស្មើ​គ្នា
19 ឬ​មនុស្ស​ណា​កំពួរ​ជើង​ដៃ
20 ឬ​ដែល​គម ឬ​តឿ ឬ​មាន​ស្នាម​អ្វី​នៅ​ភ្នែក ឬ​កើត​ទឹលម៉ូវ ឬ​ស្រែង ឬ​មាន​ពង​ខូច
21 អ្នក​ណា​ដែល​វិកល‌វិការ​ក្នុង​ពូជ​អើរ៉ុន​ដ៏​ជា​សង្ឃ នោះ​មិន​ត្រូវ​ចូល​មក​ថ្វាយ​តង្វាយ​ដុត​នៃ​ព្រះ‌យេហូវ៉ា​ទេ អ្នក​នោះ​វិកល‌វិការ​ហើយ ដូច្នេះ មិន​ត្រូវ​ចូល​ទៅ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ
22 អ្នក​នោះ​នឹង​បរិភោគ​អាហារ​របស់​ព្រះ​នៃ​ខ្លួន​បាន ទោះ​ទាំង​តង្វាយ​បរិសុទ្ធ និង​តង្វាយ​បរិសុទ្ធ​បំផុត​ផង
23 ប៉ុន្តែ អ្នក​នោះ​វិកល‌វិការ​ហើយ បាន​ជា​មិន​ត្រូវ​ចូល​ទៅ​ឯ​វាំង‌នន ឬ​ជិត​អាសនៈ​ឡើយ ដើម្បី​កុំ​ឲ្យ​បង្អាប់​ដល់​ទី​បរិសុទ្ធ​របស់​អញ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ
24 ដូច្នេះ ម៉ូសេ​ក៏​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក ហើយ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង។