លេវីវិន័យ
ជំពូក 13
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនិងអើរ៉ុនថា
2 បើមនុស្សណាកើតមានពកឬដំបៅ ឬស្នាមអ្វីក្រហមនៅស្បែក ដែលក្លាយទៅជាឃ្លង់នៅក្នុងសាច់ នោះត្រូវឲ្យគេនាំអ្នកនោះទៅឯអើរ៉ុនដ៏ជាសង្ឃ ឬទៅឯកូនណាមួយរបស់លោកដែលនឹងធ្វើជាសង្ឃក៏បាន
3 ត្រូវឲ្យសង្ឃពិនិត្យមើលរោគដែលនៅក្នុងសាច់អ្នកនោះ បើរោមដែលនៅត្រង់ដំបៅបានត្រឡប់ទៅជាស ហើយដំបៅនោះមើលទៅដូចជាខូងទាបជាងស្បែក នោះគឺជាឃ្លង់ហើយ ត្រូវឲ្យសង្ឃពិនិត្យមើល ហើយប្រាប់ថាជាស្មោកគ្រោក
4 តែបើសិនជាស្នាមដែលនៅស្បែកនោះសវិញ មើលទៅមិនមែនខូងទាបជាងស្បែកទេ ហើយបើរោមមិនបានទៅជាស នោះត្រូវឲ្យសង្ឃបង្ខាំងអ្នកដែលមានរោគនោះទុកនៅ៧ថ្ងៃ
5 រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើមើលទៅស្មានថា រោគនៅតែដដែលមិនបានរាលទៅក្នុងស្បែកទេ នោះត្រូវបង្ខាំងអ្នកនោះនៅ៧ថ្ងៃទៀត
6 រួចដល់ថ្ងៃទី៧ ត្រូវឲ្យសង្ឃពិនិត្យមើលម្តងទៀត បើរោគអន់ថយហើយ មិនបានរាលក្នុងស្បែកទេ នោះត្រូវប្រកាសថា អ្នកនោះស្អាតវិញ គ្រាន់តែជាស្រែងប៉ុណ្ណោះ រួចអ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាតហើយ
7 តែបើដំបៅរាលធំឡើងនៅក្នុងស្បែក ក្រោយដែលសង្ឃបានពិនិត្យមើល ព្រមទាំងប្រកាសថា ជាស្អាតហើយ នោះត្រូវឲ្យបង្ហាញខ្លួនដល់សង្ឃឲ្យមើលម្តងទៀត
8 ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា ដំបៅនោះបានរាលជាខ្លាំងឡើងនៅក្នុងស្បែក នោះត្រូវប្រកាសថាជាស្មោកគ្រោកវិញ គឺជាឃ្លង់ហើយ។
9 កាលណាមានរោគឃ្លង់កើតឡើងដល់មនុស្សណា នោះត្រូវតែនាំទៅឯសង្ឃ
10 ត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះ បើឃើញមានពកសៗនៅនាស្បែក ដែលបានធ្វើរោមឲ្យទៅជាស ហើយមានសាច់ស្រស់នៅក្នុងពកនោះ
11 នោះគឺជាឃ្លង់ចាស់នៅក្នុងសាច់ហើយ ត្រូវឲ្យសង្ឃប្រាប់ថាជាស្មោកគ្រោក មិនបាច់នឹងបង្ខាំងទុកទេ ព្រោះជាស្មោកគ្រោកហើយ
12 បើកាលណារោគឃ្លង់នោះចេញមកគ្រប់នៅនាស្បែក ហើយបានរាលពេញខ្លួនអ្នកដែលមានរោគនោះ ចាប់តាំងពី ក្បាលរហូតដល់ជើង នៅសព្វកន្លែងដែលសង្ឃមើលឃើញ
13 នោះត្រូវឲ្យពិនិត្យមើលអ្នកនោះ បើឃើញថា រោគឃ្លង់បានរាលពេញខ្លួនហើយ នោះត្រូវប្រកាសថា អ្នកដែលមានរោគនោះជាស្អាតវិញ ដ្បិតបានត្រឡប់ជាសទាំងអស់ហើយ គឺស្អាតទេ
14 តែបើកាលណាឃើញមានសាច់ស្រស់ នោះស្មោកគ្រោកវិញ
15 ត្រូវឲ្យសង្ឃពិនិត្យមើលសាច់ស្រស់នោះ រួចប្រកាសថា អ្នកនោះស្មោកគ្រោកពិត សាច់ស្រស់នោះស្មោកគ្រោកហើយ គឺជាឃ្លង់
16 ឬបើសាច់ស្រស់នោះទៅជាសទៅវិញ អ្នកនោះត្រូវមកឯសង្ឃម្តងទៀត
17 ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោគនោះបានត្រឡប់ជាសមែន នោះត្រូវប្រកាសថា អ្នកដែលមានរោគបានជាស្អាតវិញ គឺជាស្អាតទេ។
18 កាលណាកើតមានបូសនៅនាស្បែក ហើយបានសះទៅ
19 រួចនៅត្រង់កន្លែងបូសនោះកើតមានពកស ឬស្នាមក្រហមប្រឿងៗ នោះត្រូវបង្ហាញឲ្យសង្ឃមើល
20 ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញស្នាមនោះដូចជាខូងទាបជាងស្បែក ហើយរោមត្រឡប់ទៅជាស នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ដែលលេចពីបូសនោះមកហើយ
21 តែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសសោះ ហើយស្នាមនោះក៏មិនខូងទាបជាងស្បែកដែរ គឺចង់ក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅ៧ថ្ងៃ
22 បើរោគនោះរាលដាលធំឡើងនៅនាស្បែក នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ
23 តែបើស្នាមក្រហមនោះនៅនឹងដដែល មិនបានរាលដាលទេ គឺគ្រាន់តែជាស្នាមបូសប៉ុណ្ណោះ នោះត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្អាតទេ។
24 បើកាលណាស្បែកបានត្រូវរលាកភ្លើង ហើយសាច់ស្រស់ត្រង់រលាកនោះកើតមានសម្បុរក្រហមប្រឿងៗឬសក្តី
25 នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោមដែលនៅត្រង់ស្នាមនោះបានទៅជាសហើយ មើលទៅដូចជាខូងទាបជាងស្បែកដែរ នោះគឺជាឃ្លង់ដែលបានលេចមកត្រង់ស្នាមរលាកនោះ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ
26 តែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសនៅត្រង់ស្នាមក្រហមនោះទេ ក៏មិនខូងទាបជាងស្បែកដែរ គឺបានក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅ៧ថ្ងៃ
27 រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើរោគនោះបានរាលដាលធំឡើងនៅនាស្បែក នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ
28 តែបើស្នាមក្រហមនោះនៅនឹងដដែល មិនបានរាលដាលទៅទៀតទេ គឺបានក្រៀមហើយ នោះគឺជាស្នាមផ្តួចឡើងត្រង់កន្លែងរលាកទេ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះជាស្អាតវិញ នោះគ្រាន់តែជាកម្លាំងដរប៉ុណ្ណោះ។
29 បើកាលណាប្រុស ឬស្រីណាកើតមានរោគនៅក្បាល ឬចង្កា
30 នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញដូចជាខូងទាបជាងស្បែក មានទាំងរោមឆ្មារលឿងស្លាំង នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាទឹលម៉ូវ ជាឃ្លង់នៅក្បាល ឬនៅចង្កា
31 តែបើសង្ឃមើលទៅរោគទឹលម៉ូវនោះឃើញថា មិនខូងទាបជាងស្បែកទេ ក៏គ្មានរោមខ្មៅផង នោះត្រូវបង្ខាំងអ្នកដែលមានរោគនោះទុកនៅ៧ថ្ងៃ
32 រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើឃើញថា រោគនោះមិនបានរាលដាលទៅទៀតទេ ហើយគ្មានរោមដែលលឿងស្លាំងផង ក៏មិនឃើញមានភាពខូងទាបជាងស្បែកដែរ
33 នោះត្រូវកោរឲ្យអ្នកនោះចេញ តែត្រង់កន្លែងដែលកើតរោគ នោះមិនត្រូវកោរទេ ហើយត្រូវឲ្យសង្ឃបង្ខាំងអ្នកដែលកើតរោគនោះទុកនៅ៧ថ្ងៃ
34 រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើរោគនោះមិនបានរាលដាលនៅស្បែក ហើយមើលទៅដូចជាមិនខូងទាបជាងស្បែកទេ នោះត្រូវឲ្យសង្ឃប្រកាសថា ជាស្អាតវិញ ហើយអ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាតហើយ
35 តែបើរោគនោះរាលដាលធំឡើងនៅនាស្បែក ក្នុងពេលក្រោយដែលអ្នកនោះបានស្អាតហើយ
36 នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា បានរាលដាលនៅនាស្បែកមែន នោះមិនបាច់រករោមដែលលឿងស្លាំងទេ ដ្បិតជាមនុស្សស្មោកគ្រោកហើយ
37 បើសង្ឃមើលទៅស្មានថា រោគនៅជានឹងដដែល ហើយមានរោមខ្មៅដុះនៅត្រង់កន្លែងដំបៅ នោះរោគទឹលម៉ូវបានជាហើយ គឺជាស្អាតទេ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្អាតពិត។
38 បើកាលណាមនុស្សប្រុស ឬស្រីណាកើតមានស្នាមភ្លឺៗ គឺជាស្នាមសភ្លឺ
39 នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថាស្នាមភ្លឺៗនៅក្នុងស្បែកអ្នកនោះបែបសៗ នោះគឺជាស្រែងដែលបានកើតមកនៅស្បែក អ្នកនោះស្អាតទេ។
40 បើអ្នកណាជ្រុះសក់ក្បាលអស់ អ្នកនោះទំពែកហើយ តែស្អាតទេ
41 បើបានជ្រុះសក់ក្បាលត្រង់ចំហៀងខាងមុខ អ្នកនោះឆកហើយ តែស្អាតទេ
42 ប៉ុន្តែ បើមានដំបៅក្រហមប្រឿងៗនៅកន្លែងទំពែកខាងលើ ឬខាងមុខ នោះគឺជាឃ្លង់ដែលចេញមកនៅកន្លែងទំពែកនោះ ទោះខាងលើ ឬពីមុខក្តី
43 ត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះ បើឃើញថា ពកដំបៅនោះមានសម្បុរក្រហមប្រឿងៗនៅកន្លែងដែលទំពែកត្រង់ខាងលើ ឬពីមុខ មើលទៅដូចជាឃ្លង់ដែលកើតនៅនាស្បែកឯទៀតដែរ
44 នោះគឺជាឃ្លង់ហើយ ជាមនុស្សស្មោកគ្រោក ត្រូវឲ្យសង្ឃប្រកាសជាកុំខានថា អ្នកនោះស្មោកគ្រោកពិត ដ្បិតមានរោគនៅលើក្បាលហើយ។
45 ឯមនុស្សណាដែលកើតឃ្លង់ នោះត្រូវឲ្យស្លៀកពាក់កណ្តាច ហើយនៅក្បាលទទេ ត្រូវគ្របបបូរមាត់ខាងលើ ហើយស្រែកថា ខ្ញុំស្មោកគ្រោកៗ
46 អ្នកនោះនឹងនៅតែស្មោកគ្រោកជានិច្ច គ្រប់វេលាដែលនៅមានរោគនៅឡើយ អ្នកនោះជាមនុស្សស្មោកគ្រោកពិត ត្រូវឲ្យនៅតែឯង ហើយមានលំនៅជាខាងក្រៅទីដំឡើងត្រសាលផង។
47 ឯសម្លៀកបំពាក់ដែលមានរោគឃ្លង់ ទោះបើធ្វើពីរោមចៀម ឬពីខ្លូតទេស
48 ទោះបើតាមអំបោះអន្ទង ឬអំបោះចាក់ ពីអំបោះខ្លូតទេស និងពីរោមចៀមក្តី ឬកើតនៅស្បែក ឬរបស់អ្វីធ្វើពីស្បែកក្តី
49 បើរោគនោះមានសម្បុរបៃតងខ្ចី ឬក្រហមប្រឿងនៅក្នុងសម្លៀកបំពាក់នោះ ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅស្បែកនោះ ឬរបស់អ្វីធ្វើពីស្បែកក្តី នោះគឺជារោគឃ្លង់ហើយ ត្រូវឲ្យបង្ហាញដល់សង្ឃ
50 ត្រូវឲ្យសង្ឃពិនិត្យមើល រួចយករបស់ដែលមានរោគនោះ ទៅបង្ខាំងទុកគ្រប់៧ថ្ងៃ
51 ដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើឃើញថា បានរាលដាលធំឡើងនៅសម្លៀកបំពាក់នោះ ទោះបើតាមអំបោះអន្ទង ឬអំបោះចាក់ ឬនៅស្បែកនោះ ដែលជាស្បែកប្រើធ្វើការអ្វីក៏ដោយ នោះគឺជារោគដែលស៊ីបង្ខូចរបស់នោះស្មោកគ្រោកហើយ
52 ត្រូវដុតសម្លៀកបំពាក់នោះចោល ទោះបើធ្វើពីរោមចៀម ឬពីខ្លូតទេស ដែលកើតតាមអំបោះអន្ទង ឬអំបោះចាក់ក្តី ព្រមទាំងរបស់អ្វីធ្វើពីស្បែកដែលមានរោគនោះផង ដ្បិតរោគនោះ គឺជាឃ្លង់ដែលស៊ីបង្ខូច ត្រូវដុតនឹងភ្លើងទៅ។
53 តែបើសង្ឃពិនិត្យមើលទៅឃើញថា រោគនោះមិនបានរាលដាលឡើងនៅសម្លៀកបំពាក់នោះទេ ទោះបើតាមអំបោះអន្ទង ឬតាមអំបោះចាក់ក្តី ឬនៅរបស់អ្វីដែលធ្វើពីស្បែកនោះដែរ
54 នោះត្រូវឲ្យសង្ឃបង្គាប់ឲ្យលាងរបស់ដែលមានរោគនោះចេញ រួចត្រូវយកទៅបង្ខាំងទុក៧ថ្ងៃទៀត
55 ក្រោយដែលបានលាងរួចហើយ នោះត្រូវឲ្យសង្ឃពិនិត្យមើលទៀត បើឃើញថា រោគនោះមិនបានប្រែសម្បុរទេ ក៏មិនបានរាលដាលឡើងផង របស់នោះស្មោកគ្រោកហើយ ត្រូវដុតចោលក្នុងភ្លើងទៅ ដ្បិតជារោគស៊ីបង្ខូចពិត ទោះបើខាងក្នុង ឬខាងក្រៅក្តី
56 បើសង្ឃពិនិត្យមើលឃើញថា រោគនោះចង់ស្រអាប់ហើយ ក្នុងពេលក្រោយដែលបានលាងចេញ នោះត្រូវហែកត្រង់ដុំនោះពីសម្លៀកបំពាក់ ឬពីស្បែកនោះ ពីអំបោះអន្ទង ឬពីអំបោះចាក់យកចេញ
57 រួចបើចេះតែលេចមកនៅសម្លៀកបំពាក់នោះទៀត ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅរបស់អ្វីធ្វើពីស្បែកក្តី នោះគឺជាដំណួចរោគឃ្លង់ហើយ ត្រូវតែយករបស់ដែលមានរោគនោះទៅដុតនឹងភ្លើងទៅ
58 តែសម្លៀកបំពាក់ណា ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ក្តី ឬរបស់អ្វីធ្វើពីស្បែកដែលបានលាងហើយ បើសិនជារោគនោះចេញជ្រះស្រឡះ នោះត្រូវលាងម្តងទៀត រួចនឹងបានស្អាត
59 នេះហើយជាច្បាប់ខាងឯរោគឃ្លង់ នៅក្នុងសម្លៀកបំពាក់ដែលធ្វើពីរោមចៀម ឬខ្លូតទេស ទោះបើតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅរបស់អ្វីធ្វើពីស្បែកក្តី ដើម្បីឲ្យចេះសម្រេចថា នេះស្អាត នេះមិនស្អាត។