លេវីវិន័យ
ជំពូក 12
ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើស្ត្រីណាមានទំងន់ ហើយសម្រាលបានកូនប្រុស នាងនោះត្រូវរាប់ជាមិនស្អាតគ្រប់៧ថ្ងៃ ត្រូវរាប់ជាមិនស្អាត ដូចជាក្នុងកាលដែលមានរដូវដែរ
3 លុះដល់ថ្ងៃទី៨ នោះត្រូវកាត់ស្បែកចុងស្វាសរបស់កូនចេញ
4 រួចនាងនោះត្រូវនៅ៣៣ថ្ងៃទៀត ដើម្បីសម្អាតខ្លួនពីឈាមចេញ មិនត្រូវពាល់របស់បរិសុទ្ធណាមួយឲ្យសោះ ក៏មិនត្រូវចូលទៅក្នុងទីបរិសុទ្ធដែរ ទាល់តែថ្ងៃដែលសម្អាតខ្លួននោះបានសម្រេច
5 បើនាងសម្រាលជាកូនស្រីវិញ នោះត្រូវឲ្យនៅជាមិនស្អាតគ្រប់២អាទិត្យ ដូចជានៅថ្ងៃរដូវនាង រួចនាងត្រូវនៅ៦៦ថ្ងៃទៀត ដើម្បីសម្អាតខ្លួនពីឈាមចេញ
6 លុះកាលណាបានសម្រេចថ្ងៃសម្អាតខ្លួន ដោយព្រោះសម្រាលកូនប្រុស ឬស្រីហើយ នោះនាងត្រូវយកកូនចៀម១ អាយុ១ ខួប សម្រាប់ជាតង្វាយដុត និងព្រាបជំទើរ១ ឬលលក១ សម្រាប់ជាតង្វាយលោះបាបមក ប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ
7 ត្រូវឲ្យសង្ឃថ្វាយសត្វនោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យធួននឹងខ្លួននាង នោះនាងនឹងបានស្អាត រួចពីឈាមនាងទៅ នេះហើយជារបៀបខាងឯស្ត្រីដែលសម្រាលកូន ទោះបើជាកូនប្រុស ឬស្រីក្តី
8 តែបើនាងខ្វះខាតមិនល្មមនឹងយកកូនចៀម១បាន នោះត្រូវយកលលក២ ឬព្រាបជំទើរ២ គឺ១សម្រាប់ជាតង្វាយដុត ហើយ១សម្រាប់ជាតង្វាយលោះបាប ត្រូវឲ្យសង្ឃថ្វាយសត្វនោះឲ្យធួននឹងនាង រួចនាងនឹងបានស្អាតវិញ។