Psalm 70

ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ទូល‌បង្គំ​រួច ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូល‌បង្គំ​ផង
2 សូម​ឲ្យ​ពួក​អ្នក​ដែល​ប្រាថ្នា​ជីវិត​ទូល‌បង្គំ បាន​ត្រូវ​អៀន‌ខ្មាស ហើយ​ទុញ‌ទាល់​នៅ សូម​ឲ្យ​ពួក​អ្នក​ដែល​រីក‌រាយ​ក្នុង​ហេតុ​អាក្រក់ ដែល​កើត​ដល់​ទូល‌បង្គំ បាន​ត្រូវ​ថយ​ចេញ ហើយ​អាប់‌យស​ទៅ
3 ឯ​ពួក​អ្នក​ដែល​សើច​ឡក​ថា ហាស ហាៗ នោះ​សូម​ឲ្យ​គេ​ត្រូវ​ថយ​ចេញ ដោយ​កើត​មាន​សេចក្ដី​ខ្មាស​វិញ
4 សូម​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​បាន​រីក‌រាយ ហើយ​មាន​សេចក្ដី​អំណរ​ចំពោះ​ទ្រង់ ហើយ​ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់ បាន​ពោល​ជានិច្ច​ថា សូម​ឲ្យ​ព្រះ​បាន​លើក​តម្កើង​ឡើង
5 ចំណែក​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា ហើយ​កំសត់​ទុគ៌ត ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រញាប់​នឹង​មក​ឯ​ទូល‌បង្គំ គឺ​ទ្រង់​ជា​ជំនួយ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​ទូល‌បង្គំ​រួច ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្អង់​ឡើយ។