Psalm 75

ឱ​ព្រះ‌អង្គ​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដោយ​ព្រោះ​ព្រះ‌នាម​ទ្រង់ ស្ថិត​នៅ​ជិត មនុស្ស​ទាំង‌ឡាយ​ប្រកាស​ប្រាប់​ពី​ការ​អស្ចារ្យ​របស់​ទ្រង់។
2 ៙ កាល​ណា​ដល់​វេលា​ដែល​កំណត់​ទុក​ហើយ នោះ​អញ​នឹង​ជំនុំ‌ជម្រះ​ដោយ​សុចរិត
3 ផែនដី និង​អស់​ទាំង​មនុស្ស​នៅ​ផែនដី​ត្រូវ​រលាយ​ទៅ គឺ​អញ​ដែល​បាន​តាំង​សសរ​ផែនដី​ឡើង។ –បង្អង់
4 ៙ ទូល‌បង្គំ​បាន​និយាយ​ទៅ​ពួក​អំនួត​ថា កុំ​ឲ្យ​អួត​ខ្លួន​ឡើយ ហើយ​ទៅ​មនុស្ស​អាក្រក់​ថា កុំ​ឲ្យ​តម្កើង​ខ្លួន​ឲ្យ​សោះ
5 មិន​ត្រូវ​លើក​ខ្លួន​ឡើង​ឲ្យ​ខ្ពស់ ឬ​និយាយ​ដោយ​ប្រហើន​ឡើយ
6 ដ្បិត​ការ​តម្កើង​ឡើង នោះ​មិន​មែន​មក​ពី​ទិស​ខាង​កើត ឬ​ខាង​លិច ក៏​មិន​មក​ពី​ទី​រហោ‌ស្ថាន​នោះ​ទេ។
7 ៙ គឺ​ព្រះ​ដែល​ជា​ចៅ‌ក្រម ទ្រង់​បន្ទាប​ម្នាក់​ចុះ ហើយ​លើក​ម្នាក់​ទៀត​ឡើង
8 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ពែង​១​នៅ​ព្រះ‌ហស្ត ដែល​មាន​ស្រា​កំពុង​តែ​ពពុះ​ឡើង ពែង​នោះ​ពេញ​ដោយ​ស្រា​លាយ ហើយ​ទ្រង់​ក៏​ចាក់​ចេញ ឯ​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន ដែល​នៅ​ផែនដី គេ​នឹង​ផឹក​សំរេង​កាក​ក្នុង​ពែង​នោះ​ជា​មិន​ខាន។
9 ៙ តែ​ទូល‌បង្គំ​នឹង​ប្រកាស​ប្រាប់​ការ​ទាំង​នេះ​ជា​ដរាប ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ថ្វាយ​ព្រះ​នៃ​យ៉ាកុប
10 ទូល‌បង្គំ​នឹង​កាត់​អំណាច​ទាំង​ប៉ុន្មាន​នៃ​មនុស្ស អាក្រក់​ចេញ តែ​អំណាច​របស់​មនុស្ស​សុចរិត នឹង​បាន​តម្កើង​ឡើង​វិញ។