Psalm 140

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ សូម​ការ‌ពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត
2 ជា​អ្នក​ដែល​តែង​មាន​ចិត្ត​គិត‌គូរ​ការ​អាក្រក់ ហើយ​ចេះ​តែ​លើក​គ្នា​ចង់​ធ្វើ​ចម្បាំង​ជានិច្ច
3 គេ​បាន​សំលៀង​អណ្តាត​គេ ឲ្យ​ស្រួច​ដូច​ជា​អណ្តាត​ពស់ ក៏​មាន​ពិស​ពស់​ហនុមាន​នៅ​ក្រោម​បបូរ​មាត់​គេ។ –បង្អង់
4 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ថែ​រក្សា​ទូល‌បង្គំ​ឲ្យ​រួច​ពី​ដៃ​នៃ​មនុស្ស​អាក្រក់ សូម​ការ‌ពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត ជា​អ្នក​ដែល​បាន​សម្រេច​ចិត្ត​នឹង​ធ្វើ​ឲ្យ​ទូល‌បង្គំ​ភ្លាត់ ក្នុង​ផ្លូវ​ប្រព្រឹត្ត
5 ពួក​ឆ្មើង‌ឆ្មៃ​បាន​ដាក់​អន្ទាក់​ចង់​ចាប់​ទូល‌បង្គំ ព្រម​ទាំង​ខ្សែ‌រូត​ផង គេ​បាន​លាត​មង​តាម​ផ្លូវ និង​អង្គប់​ផង ដើម្បី​ចាប់​ទូល‌បង្គំ។ –បង្អង់
6 ៙ ខ្ញុំ​បាន​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ ដែល​ទូល‌បង្គំ​ទូល‌អង្វរ
7 ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ជា​កម្លាំង នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល‌បង្គំ​អើយ ទ្រង់​បាន​គ្រប​ក្បាល​ទូល‌បង្គំ​នៅ​ថ្ងៃ​សង្គ្រាម
8 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​កុំ​អនុញ្ញាត​ដល់​ពួក​មនុស្ស​អាក្រក់ តាម​អំពើ​ចិត្ត​គេ​ឡើយ ក៏​កុំ​ឲ្យ​កិច្ច‌កល​របស់​គេ​បាន​ជឿន​ទៅ​ដែរ ក្រែង​គេ​អួត​ខ្លួន។ –បង្អង់
9 ៙ ឯ​ក្បាល​នៃ​ពួក​អ្នក​ដែល​ព័ទ្ធ​ទូល‌បង្គំ​ជុំវិញ នោះ​សូម​ឲ្យ​អំពើ​អាក្រក់​របស់​បបូរ​មាត់​គេ បាន​ធ្លាក់​ទៅ​លើ​គេ​វិញ
10 សូម​ឲ្យ​មាន​រងើក​ភ្លើង​ឆេះ ធ្លាក់​ទៅ​លើ​គេ ហើយ​ឲ្យ​គេ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង គឺ​ទៅ​ក្នុង​រណ្តៅ​យ៉ាង​ជ្រៅ នឹង​ឡើង​មក​មិន​រួច​ឡើយ
11 មនុស្ស​ដែល​មាន​អណ្តាត​អាក្រក់ នោះ​មិន​ដែល​បាន​តាំង​ឡើង ឲ្យ​មាំ‌មួន​នៅ​ផែនដី​ឡើយ ឯ​មនុស្ស​ច្រឡោត​នឹង​មាន​សេចក្ដី​អាក្រក់​ដេញ​តាម បំផ្លាញ​គេ
12 ទូល‌បង្គំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​កាន់​ក្តី​របស់​មនុស្ស​មាន​ទុក្ខ​វេទនា ព្រម​ទាំង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ ដល់​មនុស្ស​កំសត់​ទុគ៌ត​ផង
13 ពួក​មនុស្ស​សុចរិត​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ទ្រង់ ហើយ​មនុស្ស​ទៀង​ត្រង់ នឹង​នៅ​ចំពោះ​ទ្រង់​ជា​មិន​ខាន។